ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញនូវសេចក្តីប្រកាសព័ត៌មាន ដោយបានចាត់ទុកសកម្មភាពរបស់លោក អ៊ុក ម៉ៅ ប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និង រំលោភលើច្បាប់ ដោយជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សេង។ជាការប្រកាស បន្ទាប់ពីលោក អ៊ុក ម៉ៅ ត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បរិហាកេរ្តិ៍ជាសាធារណៈ បង្កហិង្សា និង ការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់។
ក្រសួងព័ត៌មាន ពន្យល់ថា លោក អ៊ុក ម៉ៅ ជាប់បណ្ដឹងចំនួន ១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន តាំង ពីខែកុម្ភៈ ឆ្នាំ២០២២ មក និង ត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា សាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ ដែលកំពុងជាប់ឃុំខ្លួនបណ្ដោះសន្ន រង់ចាំ បន្តនីតិវិធី ដោយធ្វើអត្ថាធិប្បាយផ្សេងៗ ដែលប៉ះពាល់ដល់សុចរិតភាព និងស្ថានភាពជាក់ស្តែង ដាក់ស្តែងទាក់ទងនឹងបុគ្គលនេះ។
បើតាមក្រសួង លោក អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាព ឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ដោយសារលោកមិនអាចបំពេញលក្ខខណ្ឌក្នុងការស្នើសុំបណ្ណ ពោល គឺរាល់អ្នកសារព័ត៌មានដែលស្នើសុំបណ្ណ ត្រូវតែមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការឡើយ។
ក្រសួងថា សកម្មភាពរបស់លោកនាពេលកន្លងទៅ គឺប្រាស់ចាកនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និង រំលោភលើច្បាប់ ហើយតាមព័ត៌មានដែលប្រមូលបានបុគ្គល អ៊ុក ម៉ៅ បានជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីធ្វើសកម្មភាពដែលបម្រើឱ្យគោលបំណងផ្សេង ដែលមិនមែនជាការអនុវត្តផ្នែកសេរីភាពសារព័ត៌មាន និង បោះពុម្ពផ្សាយស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ រាល់បទល្មើសដែលបុគ្គល អ៊ុក ម៉ៅ រងការចោទប្រកាន់ គឺជារឿងរបស់បុគ្គលលោកផ្ទាល់ មិនទាក់ទងនឹងការងារក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មានឡើយ៕