681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីរៀបចំដែនដី ចាត់ទុកគោលនយោបាយសាធារណៈ និងច្បាប់ ថាជាបុរេលក្ខខណ្ឌមួយក្នុងការដឹកនាំសម្រាប់ក្រសួងនាពេលអនាគត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកគោលនយោបាយសាធារណៈ និងច្បាប់ ថាជាបុរេលក្ខខណ្ឌមួយក្នុងការដឹកនាំសំរាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទៅថ្ងៃអនាគត។ លោកឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំក្រសួងឱ្យកាន់តែសកម្ម និងចេះចូលរួមឈឺឆ្អាលក្នុងកិច្ចការរបស់ក្រសួង ដែលមិនគ្រាន់តែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមជាគំនិតយោបល់ក្នុងការអនុវត្តកិច្ចការផ្សេងទៀតជាប្រយោជន៍របស់ក្រសួង។

ថ្លែងក្នុងកិច្ចប្រជុំដើម្បីពិភាក្សាអំពីដំណើរការតាក់តែងច្បាប់ និងគោលនយោបាយរបស់ក្រសួងសំរាប់អនុវត្តស្របតាមបរិបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយក្រុមការងារច្បាប់ និងគោលនយោបាយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំក្រសួងឱ្យកាន់តែសកម្ម និងចេះចូលរួមឈឺឆ្អាលក្នុងកិច្ចការរបស់ក្រសួង ដែលមិនគ្រាន់តែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមជាគំនិតយោបល់ក្នុងការអនុវត្តកិច្ចការផ្សេងទៀតជាប្រយោជន៍របស់ក្រសួង ដូចជាការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាដើម ហើយត្រូវយល់ឱ្យបានច្បាស់ពីគោលការណ៍ និងគោលនយោបាយរបស់ក្រសួង ក្នុងគោលដៅរួមគ្នាធ្វើឱ្យសង្គមជាតិផ្លាស់ប្ដូរផ្នត់គំនិតកាន់តែប្រសើរជាងមុន។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថាតាមរយៈការជួបប្រជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សានិងតាមដានដំណើរការតាក់តែងច្បាប់ និងគោលនយោបាយរបស់ក្រសួងដើម្បីឱ្យប្រាកដថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានត្រៀមលក្ខណៈរួចរាល់ ដើម្បីរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសនានា សំរាប់ដំណើរការដោយរលូនលើវិស័យជំនាញរបស់ខ្លួនសំរាប់អនុវត្តនាពេលខាងមុខ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលជាង១១ឆ្នាំមកនេះ គឺចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអភិវឌ្ឍនូវលិខិតបទដ្ឋានគតិយុត្តិចំនួន២៣៥, មានគោលនយោបាយ៤, ច្បាប់១, ព្រះរាជក្រឹត្យ៤, អនុក្រឹត្យ៣០, ប្រកាសអន្តរក្រសួង១៥, សេចក្តីសម្រេច១៤០, សារាចរ៤, សេចក្តីណែនាំចំនួន១១, ក្រៅពីនេះក៏នៅមានលិខិតបទដ្ឋានគតិយុត្តិចំនួន៤០ទៀត ដែលជាការងារចំពោះមុខដែលត្រូវរួមគ្នាធ្វើផងដែរ៕


Khcct banner

អត្ថបទទាក់ទង