ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី ២២ ឧសភានេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ដោតជាសំខាន់លើការរៀបចំការធ្វើវិសោធនកម្មលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងផែនការដាក់បញ្ចូលនិវត្តជននៃមន្រ្តីរាជការស៊ីវិល ចូលទៅក្នុងសមាគមអតីតយុទ្ធជនកម្ពុជា។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា គតិបណ្ឌិតរបស់សម្ដេចតេជោនាពេលនេះគឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ ពោលគឺទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការស៊ីវិល ដោយមិនទុកឱ្យមន្ត្រីចូលនិវត្តន៍ណាម្នាក់នៅឯកោ និងរស់នៅដោយលំបាកឡើយ។
នៅក្នុងកិច្ចប្រជុំនោះ លោក ជា សុមេធី បានមានប្រសាសន៍ឆ្លើយតបថា ក្រសួងនឹងពិភាក្សាជាមួយមន្ត្រីផ្នែកច្បាប់ ដើម្បីរៀបចំក្រុមការងារអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន៕