
អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានសម្រេចទទួលយកយន្តហោះ Boeing 747 មានតម្លៃដល់ជាង ៤០០លានដុល្លារដែលជាអំណោយពីប្រទេសកាក្នុងការធ្វើជាយន្តហោះពិសេសដឹកប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ។ ការសម្រេចចិត្តទទួលយកអំណោចជាផ្លូវការនេះធ្វើឡើងប៉ុន្មានសប្តាហ៍ក្រោយពីលោកដូណាល់ត្រាំបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាតាកាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៥។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា លេខាធិការការពារជាតិបានសម្រេចទទួលយកយន្តហោះ Boeing 747 ពីប្រទេសកាតា ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់សហព័ន្ធទាំងអស់។ លោកបន្តថាយន្តហោះមួយនេះនឹងត្រូវកែប្រែ មុនពេលវាអាចត្រូវបានប្រើជាផ្នែកមួយនៃ Air Force One ដែលជាមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសផ្លូវការរបស់ប្រធានាធិបតី។

សេតវិមានបានបញ្ជាក់ទៀតថា យន្តហោះថ្មីនេះនឹងត្រូវផ្ទេរទៅកាន់បណ្ណាល័យប្រធានាធិបតី Trump នៅចុងបញ្ចប់នៃអាណត្តិរបស់លោក ហើយអាម៉េរិកអាចត្រូវការរយៈពេលជាច្រើនឆ្នាំដើម្បីបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពបន្ថែម និងការធ្វើឱ្យប្រសើរឡើងវិញបូករួមទាំងកែច្នៃយន្តហោះនេះបន្ថែមជាច្រើនទៀតដើម្បីអាចដឹក និងក្លាយជាយន្តហោះ Air Force One បាន។
លោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់នៃនាយកដ្ឋានការពារ និងសន្តិសុខនៃការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ មានប្រសាសន៍ថា ការចំណាយលើការជួសជុលឡើងវិញបែបនេះអាចឈានដល់ ១ ពាន់លានដុល្លារបូករួមទាំងតម្លៃដើម។
គួរបញ្ជាក់ថាយន្តហោះ Boeing 747-8 មានស្លាបប្រវែង ៦៨.៤ ម៉ែត្រ បណ្តោយប្រវែង ៧៦.២៥ ម៉ែត្រ និងកំពស់ ១៩.៤ម៉ែត្រ ខាងក្នុងរៀបចំឡើងដោយពិសេសដែលអាចផ្ទុកមនុស្សបាន ៨៩ នាក់ យន្តហោះមានបន្ទប់ប្រជុំពិសេស និងរត់បានល្បឿនជាង ៩០០គីឡូម៉ែត្រក្នុងមួយម៉ោង៕