ភ្នំពេញ៖ ស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលបានផលប្រយោជន៍ពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ខណៈខេត្តព្រះសីហនុបានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់។ នេះបើតាមការថ្លែងការរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
បើតាមលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរហូតដល់កូនអាយុ ២ឆ្នាំចំនួន ១៤លើក ដោយមួយលើកទទួលបានថវិកាចំនួន ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ៨០ម៉ឺនរៀល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារករួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កូនចៅបងប្អូនកម្មករនិយោជិត។
លោករដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់ថា៖«បច្ចុប្បន្នក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យដំណើរការផ្ទាល់ចុះបញ្ជីសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកតាមទូរសព្ទដៃ កុំព្យូទ័រ និងតាមរយៈបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងផងដែរ។ ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលបានផលប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
គួរបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពតាមរយៈរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. បានចំនួនសរុបប្រមាណ ៦៩ម៉ឺននាក់។ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ប្រមាណ ៥០,៤ម៉ឺននាក់ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ប្រមាណ ១៨,៦ម៉ឺននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. សរុបបានកើនឡើនដល់ប្រមាណ ៣,១លាននាក់៕