
ចិន៖ ប្រទេសចិនបានសម្តែងការព្រួយបារម្ភអំពីផែនការការសាងសង់ប្រព័ន្ធខែលមាស Golden Dome ការពារប្រព័ន្ធដែនអាកាសអាម៉េរិកដោយចិនបានចាត់ទុកផែនការរបស់លោកត្រាំនេះគឺបាន បង្កើនហានិភ័យនៃការប្រែក្លាយលំហអាកាសទៅជាតំបន់សង្គ្រាម និងបង្កើតការប្រកួតប្រជែងអាវុធអវកាស និងធ្វើឱ្យរង្គោះរង្គើប្រព័ន្ធសន្តិសុខ និងការគ្រប់គ្រងអាវុធអន្តរជាតិ។ សេចក្តីព្រួយបារម្ភរបស់ចិននេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រមុខរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសផែនការថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារទី ២០ ខែ ឧសភា ថាលោកបានជ្រើសរើសការសាងសង់ខែលការពារពីការវាយប្រហារមីស៊ីលកម្រិតធ្ងន់ដែលប្រព័ន្ធការពារដែនអាកាសថ្មីនេះមានឈ្មោះថា Golden Dome តម្លៃ ១៧៥ពាន់លានដុល្លារដើម្បីទប់ស្កាត់ និងការពារពីការវាយប្រហារដែនអាកាសណាមួយពីប្រទេសចិន និងរុស្ស៊ី។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning កាលពីថ្ងៃពុធបានជំរុញឱ្យសហរដ្ឋអាម៉េរិកបោះបង់ចោលការអភិវឌ្ឍន៍ និងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលសកល ហើយចាត់វិធានការជាក់ស្តែងដើម្បីបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ និងរក្សាស្ថិរភាពជាយុទ្ធសាស្ត្រសកល។

សម្រាប់លោកស្រី Mao Ning ប្រព័ន្ធការពារដែនអាកាស Golden Dome ជាប្រព័ន្ធខែលការពារមីស៊ីលពហុស្រទាប់ និងពហុដែន លោកស្រីបានចាត់ទុកគម្រោងនេះ រំលោភលើគោលការណ៍នៃការប្រើប្រាស់ដោយសន្តិវិធីនៅក្នុងសន្ធិសញ្ញាអវកាសខាងក្រៅ។ គម្រោងនេះនឹងបង្កើនហានិភ័យនៃការប្រែក្លាយលំហអាកាសទៅជាតំបន់សង្គ្រាម និងបង្កើតការប្រកួតប្រជែងអាវុធអវកាស និងធ្វើឱ្យរង្គោះរង្គើប្រព័ន្ធសន្តិសុខ និងការគ្រប់គ្រងអាវុធអន្តរជាតិ៕
