ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុនលោក Taku Eto បានដាក់លិខិតលាលែងពីតំណែងទៅនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ក្រោយរូបលោកបានធ្លោយជ្រុលមាត់និយាយថាលោកមិនដែលទិញអង្ករទេគ្រាន់តែអង្ករដែលអ្នកគាំទ្ររបស់លោកផ្តល់មកហូបមិនអស់ផង ហើយថែមទាំងអាចយកលក់បានទៀត។ សំដីរបស់លោកប៉ុន្មានម៉ាត់នេះបានធ្វើឲ្យពលរដ្ឋជប៉ុនជាច្រើនម៉ឺននាក់ផ្ទុះការខឹងសម្បាររហូតដល់បង្ខំចិត្តលោកលាលែងពីតំណែងជារដ្ឋមន្រ្តីក្រសួងកសិកម្មរបស់ជប៉ុន។
ក្នុងអំឡុងពេលសុន្ទរកថានៅទីក្រុង Saga កាលពីថ្ងៃអាទិត្យ លោក Eto បានជ្រុលមាត់និយាយថាលោកមិនដែលទិញអង្ករទេ ដោយកន្លងទៅលោកទទួលបានអង្ករពីអ្នកគាំទ្រលោក ហើយលោកអាចលក់អង្ករទាំងនោះបានទៀតផង។ ការថ្លែងបែបនេះរបស់លោកបានទទួលការរិះគន់ពីសមាជិកសភាទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ព្រមទាំងសាធារណជនទូទៅជាខ្លាំង។
ជាការឆ្លើយតបជាមួយការលើកឡើងបែបនេះនាយករដ្ឋមន្រ្តីជប៉ុន លោក Ishiba បានស្តីបន្ទោសលោក Eto ជុំវិញការលើកឡើងនេះដែលលោកបានចាត់ទុកជាទង្វើមិនសាកសមក្នុងនាមលោកជារដ្ឋមន្រ្តីក្រសួងកសិកម្ម។ កាលពីថ្ងៃអង្គារ គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន និងគណបក្សប្រឆាំងចំនួនបួនផ្សេងទៀតបានព្រមព្រៀងគ្នាទាមទារឱ្យមានការបណ្តេញចេញ ឬលាលែងពីតំណែងរបស់លោក Eto ចេញពីតំណែង។
លោក Taku Eto ដែលមានវ័យ ៦៤ ឆ្នាំនឹងក្លាយជារដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីដំបូងគេដែលបានលាលែងពីតំណែងចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុនថ្មី Ishiba បានចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុន៕