វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសផែនការថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារទី ២០ ខែ ឧសភា ថាលោកបានជ្រើសរើសការសាងសង់ខែលការពារពីការវាយប្រហារមីស៊ីលកម្រិតធ្ងន់ដែលប្រព័ន្ធការពារដែនអាកាសថ្មីនេះមានឈ្មោះថា Golden Dome តម្លៃ ១៧៥ពាន់លានដុល្លារ។ ចំណាត់ការរបស់ត្រាំក្នុងការសម្រេចចិត្តសាងសង់ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់មិនធ្លាប់មាននេះដើម្បីទប់ស្កាត់ និងការពារពីការវាយប្រហារដែនអាកាសណាមួយពីប្រទេសចិន និងរុស្ស៊ី។
ថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកលោកដូណាល់ត្រាំបានអះអាងថាលោកនឹងចាត់តាំងឧត្តមសេនីយអវកាសអាម៉េរិក Michael Guetlein នឹងក្លាយជាអ្នកគ្រប់គ្រងកម្មវិធីនាំមុខគេសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងប្រព័ន្ធការពារដែនអាកាស ហ្គោលដិន ដូម ដើម្បីការពារមាតុភូមិរបស់អាម៉េរិក។
ផែនការសាងសង់ប្រព័ន្ធការពារអាកាស ហ្គោលដិន ដូម របស់លោកត្រាំមានគោលបំណងបង្កើតបណ្តាញផ្កាយរណបដើម្បីចាប់ តាមដាន និងអាចស្ទាក់ចាប់មីស៊ីលដែលចូលហោះមកដែនអាកាសអាម៉េរិក ដោយប្រព័ន្ធដែនអាកាសនេះអាចមានសមត្ថភាពស្ទាក់ចាប់ បាញ់ទម្លាក់ប្រភេទម៉ីស៊ីលខ្លាំងដូចជាម៉ីស៊ីលលឿងជាងសម្លេងជាដើម។
ក្រុមហ៊ុនធំៗរួមមាន SpaceX របស់ Elon Musk ក្រុមហ៊ុន Palantir Technologies ក្រុមហ៊ុន Anduril Industries, Lockheed Martin និងក្រុមហ៊ុន L3Harris Technologies និងចូលរួមចំណែកក្នុងការសាងសង់ប្រព័ន្ធដែនអាកាសពិសេសមិនធ្លាប់មានមួយនេះ៕