អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនបានសន្ទនាតាមទូរស័ព្ទរយៈពេលពីរម៉ោងជជែកគ្នាស្វែងរកផ្លូវបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កិច្ចពិភាក្សាពិសេសរបស់ប្រមុខមេដឹកនាំទាំងពីរបានបញ្ចប់ទៅវិញដោយមិនទាន់អាចកំណត់លក្ខខណ្ឌបញ្ចប់សង្រ្គាម រវាងប្រទេសទាំងពីរបាននៅឡើយនោះទេ។ ការសន្ទនារវាងលោកដូណាល់ត្រាំ និងលោកពូទីន ធ្វើឡើងប៉ុន្មានថ្ងៃតែប៉ុណ្ណោះក្រោយពីកិច្ចចចាររវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងប្រទេសតួកគីបានបរាជ័យដោយមិនអាចរកច្រកបញ្ចប់ជម្លោះជាមួយគ្នាបាន។
តាមប្រមុខរដ្ឋអាម៉េរិកលោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់ក្រោយជជែកជាមួយលោកពូទីនថាកិច្ចចចារ និងបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែននិងកើតមានឆាប់ៗនាពេលខាងមុខនេះ តែលោកមិនបានបញ្ជាក់លម្អិតថាកើតឡើងនៅពេលណាឡើយ។ លោកដូណាល់ត្រាំក៏បានស្នើឱ្យបុរីវ៉ាទីកង់ធ្វើជាកន្លែងសម្រាប់កិច្ចចចារដែលអាចនិងកើតមានឡើងរវាងប្រទេសទាំងពីរ លោកត្រាំថែមទាំងបានអះអាងទៀតថាម្តេចប៉ាប Leo XIV បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះការចរចាបញ្ចប់សង្រ្គាមមួយនេះ។'
ជាការឆ្លើយតបប្រធានាធិបតីពូទីនបានសង្កត់ធ្ងន់លើតម្រូវការដើម្បីដោះស្រាយស្វែងរកមូលហេតុដើមនៃជម្លោះ ហើយលោកបានស្នើថាបទឈប់បាញ់ណាមួយនឹងមានលក្ខខណ្ឌច្បាស់លាស់។ លោកបានរំលឹកឡើងវិញនូវការទាមទាររបស់រុស្ស៊ី រួមទាំងការគ្មានយោធារបស់អ៊ុយក្រែន សម្បទានទឹកដី និងការធានាដែលថាអ៊ុយក្រែននឹងមិនចូលរួមជាមួយណាតូ។
ជាមួយគ្នានេះដែរប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលែនស្គី បានអះអាងសារជាថ្មីអំពីការត្រៀមខ្លួនរបស់អ៊ុយក្រែនសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងបានអំពាវនាវឱ្យបង្កើនសម្ពាធអន្តរជាតិលើប្រទេសរុស្ស៊ី។ លោកបានសម្តែងការព្រួយបារម្ភចំពោះការពន្យារពេលដ៏យូរ និងការទាមទារមិនប្រាកដច្បាស់លាស់របស់ភាគីរុស្ស៊ីក្នុងការបញ្ចប់សង្រ្គាម៕