ភ្នំពេញ៖ មន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅក្នុងខណ្ឌព្រែកព្នៅ បានរៀបចំទីកន្លែងរបស់ខ្លួន ដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។ ការត្រៀមរៀបចំនេះធ្វើឡើងក្រោយមានការកំរើកឡើងវិញនៃជំងឺកូវីដ ១៩ នារយៈពេលចុងក្រោយនេះ។ នេះបើតាមលោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន។
យោងតាមការបង្ហោះពីលោកវេជ្ជបណ្ឌិត ណូ សុភា បានសរសេរយ៉ាងដូច្នេះថា៖«ដោយមានការកំរើកឡើងវិញនៃជំងឺកូវីដ ១៩ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួន ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ ដូច្នេះសូមបងប្អូនពូ មីងចូលរួមការពារសុខភាពខ្លួនឯងឲ្យបានល្អ»។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីមានការកត់សម្គាល់ឃើញការឆ្លងរាលដាលឡើងវិញនៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទ JN.1 ដែលកំពុងរាតត្បាតនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅទូទាំងពិភពលោក។
ក្រសួងសុខាភិបាលបានលើកឡើងថា ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មីនេះ ក្រសួងសុំឱ្យពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់ ដូចជាជនវ័យចាស់ ជនដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
ដើម្បីការពារខ្លួនពីការវាយលុកនៃជំងឺកូវីដ-១៩ ជាពិសេសចំពោះក្រុមដែលមានហានិភ័យខ្ពស់ដែលអាចឈានទៅដល់ភាពធ្ងន់ធ្ងរ និងបាត់បង់ជីវិត ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសក្រុមងាយរងគ្រោះ ឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ម៉ាក Pfizer ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។
ទោះបីជាបច្ចុប្បន្នកម្ពុជាមិនទាន់មានការផ្ទុះឡើងវិញនៃការឆ្លងវីរុសកូវីដ-១៩ក៏ដោយ ក្រសួងសុខាភិបាលបានបញ្ជាក់ថា "ការការពារប្រសើរជាងព្យាបាល" គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយក្រសួងកំពុងតែធ្វើការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុនក្នុងពេលនេះ៕