681 ezgif.com resize
Swift cc time

ទិវាជាតិនៃការចងចាំ៖ សម្តេច ហ៊ុន ម៉ាណែត សុំឱ្យរួមគ្នាការពារ«សុខសន្តិភាព»បច្ចុប្បន្ន ដើម្បីកម្ពុជាបន្តទទួលបានឱកាសនៃការអភិវឌ្ឍជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារលិខិតរំឭក ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

យោងតាមសារលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។

រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជា រៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវា ចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។

ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ខ្ពង់ខ្ពស់ និងប៉ិនប្រសប់របស់ សម្តេច ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ ឈ្នះ បានប្រែក្លាយកម្ពុជា ជា ប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែល មិនធ្លាប់មានជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។ ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះពីអំពើ ឧក្រិដ្ឋកម្មទាំងឡាយដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមទទួលបានយុត្តិធម៌តាមរយៈការជំនុំជម្រះក្តី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ដែលរស់រាន មានជីវិតនិងអ្នកបានបាត់បង់ជីវិតក្ដី ក៏ត្រូវបានស្តាឡើងវិញ និងទទួលបានការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម។

ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះកើតមាន ឡើងសាជាថ្មី។

ដូច្នេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យ កាន់តែរីកចម្រើនទៅមុខទៀត ដោយហេតុថា បើគ្មានសន្តិភាព គឺមានសង្គ្រាម ហើយសង្គ្រាមនឹងធ្វើឱ្យប្រទេស ជាតិកាន់តែក្រីក្រ អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ អាចនិយាយបានថាសន្តិភាព គឺមានសក្តានុពល និង សកម្មភាពគ្រប់យ៉ាងដើម្បីការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ។

តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដោយឈរលើស្មារតីសាមគ្គីភាព និងឯកភាពជាតិក្នុងគោលដៅ បង្រួបបង្រួមប្រជាជាតិទាំងមូល ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់ សង្គ្រាមរាំរ៉ៃដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្តាឡើងវិញ រក្សាបាននូវសន្តិសុខនិងសុខសន្តិភាព ជូនប្រជាជន ហើយជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ ស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង