ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី ១៩ ឧសភានេះ បានប្រកាសគាំទ្រពេញទំហឹង ចំពោះប្រព័ន្ធគាំពារសង្គមដែលបានរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងពេលជួបវិបត្ដិនានា និង បានចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។សម្រាប់ប្រមុខរដ្ឋសភា ចាត់ទុក«ប្រព័ន្ធគាំពារសង្គម»ជាក្បាលម៉ាស៊ីន នៃសមធម៌សង្គម និងភាពធន់នៃសេដ្ឋកិច្ច។ការថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុង វេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា » នៅវិមានរដ្ឋសភានារៀបចំឡើងដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី នៃរដ្ឋសភា(គណៈកម្មការទី៨នៃរដ្ឋសភា) សហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
«ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា »ត្រូបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ចេញ និង បានពង្រីករបបសន្តិសុខសង្គម (ប.ស.ស) គ្របដណ្តប់លើកម្លាំងពលកម្ម សំខាន់ៗ ដោយការចាប់ផ្តើមជាមួយនឹងគម្រោងហានិភ័យការងារក្នុងឆ្នាំ២០០៨ និងពង្រីកដល់ការថែទាំសុខភាពនៅឆ្នាំ២០១៦។ គិតត្រឹមឆ្នាំ ២០២៤ បេឡាជាតិរបបសន្តិសុខសង្គមមាន ៣៨ ទីតាំង និងមានបុគ្គលិកជាង ២ ២៨៥ នាក់។ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការគម្រោងប្រាក់សោធននិវត្តន៍ ចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២២ ដោយផ្តល់សន្តិសុខហិរញ្ញវត្ថុសម្រាប់អ្នកចូលនិវត្តន៍ ដោយប្រាក់ទទួលបានចាប់ផ្តើមពី ២ ៦០០ រៀលក្នុងមួយខែ ជាមួយការទូទាត់ពីរដងក្នុងមួយខែ។
ថ្លែងក្នុងវេទិកា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គម បានរួមចំណែកដ៏សំខាន់ជួយដល់ប្រជាពលរដ្ឋកម្ពុជារាប់សិបលាននាក់ ក្នុងពេលជួបវិបត្ដិនានាជាយថាហេតុ។ ជាមួយគ្នានេះប្រព័ន្ធគំាពារសង្គម បានចូលរួមកាត់បន្ថយភាពក្រីក្រ ជាពិសេសធានាការគាំពារផ្នែកថែទាំសុខភាព ចាប់តាំងពីពេលចាប់កំណើតរហូតដល់ទទួលមរណភាព ដែលអាចកំណត់ថាជា “អភិក្រមនៃវដ្តជីវិត” ដែលមានបណ្ដុំហានិភ័យតាមដំណាក់កាលចំនួន ៧ រួមមាន មាតុភាព និងហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រកនិងជរាភាព និងឧត្ដរជីវី។
បើតាមប្រមុខរដ្ឋសភារូបនេះ ប្រព័ន្ធគាំពារសង្គម មិនត្រឹមជាសំណាញ់សុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាក្បាលម៉ាស៊ីន នៃសមធម៌សង្គម និងភាពធន់នៃសេដ្ឋកិច្ច ហើយរដ្ឋសភាគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយប្រព័ន្ធគាំពារសង្គម ហើយរដ្ឋសភានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសហការ និងគាំទ្រ ដើម្បីធានាថាប្រព័ន្ធនេះសម្រេចបាន នូវសក្តានុពលពេញលេញ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូបនិងគ្រប់មជ្ឈដ្ឋាន។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពីរដ្ឋសភាកម្ពុជា សមិទ្ធផលសំខាន់ៗអំពីប្រព័ន្ធគំាពារសង្គមមានដូចជា ការធ្វើឱ្យប្រសើរឡើង នូវការគ្របដណ្តប់លើការថែទាំសុខភាព រួមមាន មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងមានចំនួន ១ ៥៩៦ នៅទូទាំង ២៥ រាជធានី ខេត្ត ធានាលទ្ធភាពផ្ដល់សេវាវេជ្ជសាស្រ្ត សម្រាប់សមាជិក។ នៅឆ្នាំ២០២៤ សមាជិកបេឡាជាតិរបបសន្តិសុខសង្គមបានប្រើប្រាស់សេវាថែទាំសុខភាពប្រមាណ ៧,៧៧ លានដង ដែលស្មើនឹងការចំណាយប្រហែល ១៦២.៥៥ លានដុល្លារ។ ការពង្រឹងការគាំទ្រសម្រាប់មាតានិងទារក គិតត្រឹមខែមេសា ឆ្នាំ២០២៥ មាតាចំនួន ៦៤០ ០០០នាក់ និងទារកចំនួន ៦៦០ ០០០នាក់ បានទទួលអត្ថប្រយោជន៍ពីគម្រោងនេះ ជាមួយនឹងការផ្តល់ថវិកាសរុបចំនួន ៣៣០ ពាន់លានរៀល។
របាយការណ៍ដដែល បន្តថា កម្មវិធីកញ្ចប់គ្រួសារបានផ្តល់ជំនួយជាសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម២ឆ្នាំ ប្រមាណ ១,១លាននាក់ ដែលជាគ្រួសារសមាជិក ប.ស.ស និង មូលនិធិសមធម៌។ គិតត្រឹមខែមករា ឆ្នាំ២០២៥ អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមក៏ត្រូវបានពង្រីក ដោយរួមបញ្ចូលប៉ូលីសស្រ្តី និងមន្ត្រីពន្ធនាគារផងដែរ។ បានអនុវត្តការពិចារណាជាពិសេសសម្រាប់កម្មករមានផ្ទៃពោះ។ គោលការណ៍ទាំងនេះផ្តល់នូវការឈប់សម្រាកបន្ថែម ការឈប់សម្រាកលំហែមាតុភាពជាមួយនឹងប្រាក់បៀវត្សរ៍ ១២០% និងជំនួយហិរញ្ញវត្ថុសម្រាប់ការថែទាំមុនពេលសម្រាល និងក្រោយពេលសម្រាល ព្រមទាំងហាមឃាត់យ៉ាងតឹងរ៉ឹងនូវការរើសអើង។ កម្មវិធីជំនួយសង្គម បានអនុវត្តក្នុងអំឡុងពេលជំងឺរាតត្បាតកូវីត ១៩ និងអំឡុងពេលនៃអតិផរណា រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ដើម្បីគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ។
ចំណែកកម្មវិធីជំនួយសង្គមជាតិ (កញ្ចប់គ្រួសារ) បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៤ និងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារប្រមាណ ៧០០ ០០០ ដែលមានប័ណ្ណសមធម៌ ដោយរួមបញ្ចូលជំនួយសង្គមផ្សេងៗ រួមទាំងការគាំទ្រដល់ស្ត្រីមានផ្ទៃពោះ សិស្ស និស្សិត ជនពិការ និងមនុស្សចាស់។ គិតដល់ត្រឹមចុងឆ្នាំ ២០២៤ កម្មវិធីជំនួយសង្គមជាតិបានពង្រីកដល់ ៨ កម្មវិធីគ្របដណ្តប់ ១,២លានគ្រួសារ ដែលមានសមាជិកជាង ៤,៨ លាននាក់។
តាមរបាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាជនចំនួន ២ ៧៧៦ ១៩២នាក់ (ប្រហែល ២០%) នៃចំនួនប្រជាជនសរុបគឺ ជាសមាជិកនៃបេឡាជាតិរបបសន្តិសុខសង្គមនៅក្នុងនោះ ២ ១០១ ៧៩៨ នាក់ គឺជាបុគ្គលិកសេដ្ឋកិច្ចនៅក្នុងប្រព័ន្ធ ហើយ ៤៩៩ ៩៧៩ នាក់ គឺជាមន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ហើយ ១៧៤ ៤១៥ គឺជាសមាជិកក្នុងបន្ទុកគ្រួសារ។ ទឹកប្រាក់ប្រមាណ ១ ១៤០ ពាន់លានរៀល (ប្រមាណ ២៨៥ លានដុល្លារ) បានបែងចែកទៅដល់កម្មវិធីជំនួយសង្គម និង ២ ២៩៧ ពាន់លានរៀល (ប្រមាណ ៥៧៤ លានដុល្លារអាមេរិក) ទៀតសម្រាប់បេឡាជាតិរបបសន្តិសុខសង្គម៕