Smart saver cctime web bannertif

ក្រសួងសុខាភិបាល សុំឱ្យពលរដ្ឋនាំគ្នាទៅចាក់«វ៉ាក់សាំងកូវីដ-១៩» ខណៈប្រទេសជិតខាងកម្ពុជាផ្តើមផ្ទុះឆ្លងកូវីដឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីមានការកត់សម្គាល់ឃើញការឆ្លងរាលដាលឡើងវិញនៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទ JN.1 ដែលកំពុងរាតត្បាតនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅទូទាំងពិភពលោក។ នេះបើតាមប្រសាសន៍ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានលើកឡើងថា ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មីនេះ ក្រសួងសុំឱ្យពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់ ដូចជាជនវ័យចាស់ ជនដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។

ដើម្បីការពារខ្លួនពីការវាយលុកនៃជំងឺកូវីដ-១៩ ជាពិសេសចំពោះក្រុមដែលមានហានិភ័យខ្ពស់ដែលអាចឈានទៅដល់ភាពធ្ងន់ធ្ងរ និងបាត់បង់ជីវិត ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសក្រុមងាយរងគ្រោះ ឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ម៉ាក Pfizer ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។

ក្រសួងបានសង្កត់ធ្ងន់ថា ការអនុវត្តវិធានការ "៣ការពារ និង ៣កុំ" រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ ដូចដែលកម្ពុជាធ្លាប់ទទួលបានជោគជ័យយ៉ាងល្អប្រសើររួចមកហើយក្នុងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២។

ទោះបីជាបច្ចុប្បន្នកម្ពុជាមិនទាន់មានការផ្ទុះឡើងវិញនៃការឆ្លងវីរុសកូវីដ-១៩ក៏ដោយ ក្រសួងសុខាភិបាលបានបញ្ជាក់ថា "ការការពារប្រសើរជាងព្យាបាល" គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយក្រសួងកំពុងតែធ្វើការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុនក្នុងពេលនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង