
តួកគី៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានគូសបញ្ជាក់ថាមានវិធីតែមួយគត់ដែលដែលអាចស្វែងរកផ្លូវបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបាននោះគឺតាមរយៈការចរចាដោយផ្ទាល់រវាងប្រធានាធិបតី ដូណាល់ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ រដ្ឋមន្រ្តីការបរទេសអាម៉េរិកថ្លែងចំណាប់អារម្មណ៍បែបនេះក្នុងជំនួបកិច្ចប្រជុំក្រៅផ្លូវការជាមួយនិងសមាជិកមន្រ្តីណាតូក្នុងទីក្រុងអង់តាលីយ៉ា នៃប្រទេសតួកគី។

ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសតួកគីលោក Rubio បានអះអាងថាមានតែវិធីមួយគត់ដែលអាចឈានទៅរកផ្លូវបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានគឺមានតែជំនួបកំពូលរវាងលោកដូណាល់ត្រាំ និងលោកពូទីន ប្រធានាធិបតីរុស្ស៊ីតែប៉ុណ្ណោះទើបអាចស្វែងរកផ្លូវពិតប្រាកដក្នុងការបញ្ចប់សង្រ្គាមមួយនេះបាន។ លោក Rubio បានបន្ថែមទៀតថាលោកនឹងធ្វើដំណើរទៅកាន់ទីក្រុង អ៊ីស្តង់ប៊ុល សម្រាប់កិច្ចប្រជុំនៅថ្ងៃសុក្រជាមួយរដ្ឋមន្ត្រីការបរទេសរបស់ តួកគី លោក Hakan Fidan និងគណៈប្រតិភូអ៊ុយក្រែន។

សម្រាប់លោក Rubio លោកគិតថាដំណោះស្រាយបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងតែជាប់គាំងហើយវិធីតែមួយគត់នោះគឺការជជែកគ្នាដោយផ្ទាល់រវាងប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីរុស្ស៊ីទើបអាចរកច្រកចេញបញ្ចប់ជម្លោះមួយនេះបាន។

គួរបញ្ជាក់ថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើដំណើរទៅកាន់ប្រទេសតួកគី បន្ទាប់ពីលោក Putin បានស្នើសុំកិច្ចពិភាក្សានៅទីនោះ។ ជំនួសមកវិញ លោក ពូទីន បានបញ្ជូនក្រុមជំនួយការ និងអនុរដ្ឋមន្ត្រីលំដាប់ទីពីរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលក្នុងការចចារបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន៕