
កាតា៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាសាធារណៈនូវការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ក្នុងការផលិត iPhone នៅក្នុងប្រទេសឥណ្ឌា ។ ការប្រកាសរបស់លោកដូណាល់ត្រាំនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសកាតា លោក ត្រាំ បានបញ្ជាក់ទៀតថាលោកបានទាក់ទងដោយផ្ទាល់ជាមួយនាយកប្រតិបត្តិ Apple លោក Tim Cook ដោយជំរុញឱ្យក្រុមហ៊ុនផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅកាន់សហរដ្ឋអាម៉េរិកវិញ។ លោកចង់ឲ្យក្រុមហ៊ុនយក្សមួយនេះបន្ថែមរោងចក្រផលិតនៅក្នុងស្រុក ដើម្បីជំរុញឧស្សាហកម្មអាម៉េរិក និងការបង្កើតការងារដល់ពលរដ្ឋអាម៉េរិក។

លោកត្រាំបានរិះគន់ចំពោះក្រុមហ៊ុនយក្ស Apple ថាបានទទួលផលប្រយោជន៍ជាយូរមកហើយពីការអត់ឱនរបស់សហរដ្ឋអាម៉េរិកចំពោះប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសចិន ហើយឥឡូវនេះគួរតែផ្តោតលើការផលិតក្នុងស្រុក និងជំរុញការងារបន្ថែមដល់ពលរដ្ឋអាម៉េរិក។ លោក ត្រាំ ក៏បានអះអាងដែរថា Apple នឹងបង្កើនផលិតកម្មនៅសហរដ្ឋអាម៉េរិកបន្ទាប់ពីការសន្ទនារបស់របស់លោកនិងនាយកប្រតិបត្តិការ Apple ។

ភ្លាមៗក្រោយការប្រកាសរបស់លោកត្រាំ ក្រុមហ៊ុនយក្ស Apple មិនបានឆ្លើយតបជាសាធារណៈចំពោះការអត្ថាធិប្បាយថ្មីៗរបស់លោកត្រាំនៅឡើយនោះទេ៕