Smart saver cctime web bannertif

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅខេត្តកំពង់ឆ្នាំង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កំពង់ឆ្នាំង៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រយៈពេល៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបាន ភោគផលខ្ពស់។

ព្រះរាជពិធីនេះ ត្រូវបានព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលមក ជាក់ស្តែងកាលពីសម័យសង្គមរាស្ត្រនិយម ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាលព្រះអង្គមានព្រះជន្មគង់នៅ និងសម្តេចម៉ែ ព្រះអង្គសព្វព្រះរាជហឫទ័យយាងច្រត់ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តា រាជធានី ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្ត កំពង់ស្ពឺ និងខេត្តតាកែវជាដើម។ ពេលក្រោយមក ព្រះមហាក្សត្រ ទ្រង់ពុំបានយាងច្រត់ព្រះនង្គ័ល ដោយផ្ទាល់ទៀតឡើយ ដោយចាត់ព្រះរាជតំណាងយាងច្រត់ជំនួស និងព្រះអង្គស្តេចយាងជាព្រះរាជាធិបតីវិញ។

គួរបញ្ជាក់ថា នៅឆ្នាំនេះ ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់នឹងយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជារាស្ត្រ តាមចំនួនកំណត់ជាក់ស្តែង ដើម្បីរួមគ្នាថែរក្សានូវ ព្រះរាជប្បវេណីពីបុរាណរបស់ ព្រះមហាក្សត្រ ឱ្យបានគង់វង្ស៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង