
ព្រះសីហនុ៖ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ 989 ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយ ឧត្តមនាវីទោ LYU GUANGKUN ឧបការី នាយសេនាធិការតំបន់យោធភូមិភាគខាងត្បូង កងទ័ពជើងទឹករំដោះប្រជាជនចិន បានមកដល់ប្រទេសកម្ពុជាហើយនៅថ្ងៃទី ១២ ឧសភានេះ ដើម្បីត្រៀមសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាស ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។នាវានេះ បានចូលចតនៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។
នាវាកងទ័ពជើងទឹករំដោះប្រជាជនចិននេះ មានទម្ងន់ផ្ទុក ២៥០០០ តោន បណ្ដោយ ២១០ ម៉ែត្រ ទទឹង ២៨ម៉ែត្រ និង ជម្រៅទឹក ៧ម៉ែត្រ ហើយល្បឿន ២៥ knots។ការមកដល់នៃនាវាចិន គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឧត្តមនាវីទោ ឆុង ស៊ីដេត មេបញ្ជាការរង និងជានាយសេនាធិការ មូលដ្ឋានសមុទ្ររាម អមដំណើរដោយ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធ តំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយនាវីជាច្រើនរូប។
វត្តមានរបស់នាវាចិនលើទឹកដីកម្ពុជាពេលនេះ ក្នុងដំណើរចូលរួមសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាស ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ និង មានទំហំធំជាងឆ្នាំមុន។ ធំជាងដោយសារតែចំនួនទ័ពចូលរួមពីភាគីទាំងពីរនឹងកើនពីចំនួន ២ ០៧៥នាក់ក្នុងឆ្នាំ២០២៤ ដល់ ២ ១៧៦នាក់នៅឆ្នាំ២០២៥ នេះ។
សមយុទ្ធយោធាលើកទី៧ រវាងកងទ័ពកម្ពុជា និង កងទ័ពចិននឹងប្រព្រឹត្តទៅនៅមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយក្នុងខេត្តកំពង់ឆ្នាំង និង នៅលើផ្ទៃសមុទ្រ និង ដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។ គ្រឿងសព្វាវុធ និង សម្ភារៈបរិក្ខារយោធាដែលនឹងប្រើប្រាស់នៅក្នុងសមយុទ្ធមានច្រើនប្រភេទ ដូចជា កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តដឹកនាំបញ្ជា C5 គ្រឿងយន្តគ្មានមនុស្សបើកបរ មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក និងដ្រូនស៊ើបការណ៍ ដ្រូនវាយលុយ ព្រមទាំងគ្រឿងសម្ភារៈបរិក្ខារផ្សេងៗទៀត ដូចជាគ្រាប់រំសេវជាដើម៕