
ប៉ាគីស្ថាន៖ កងកម្លាំងពិសេសនៃទ័ពអាកាសប៉ាគីស្ថាននៅព្រឹកថ្ងៃសៅរ៌ទី ១០ ឧសភានេះបានបើកការវាយប្រហារត្រឡប់ទៅឥណ្ឌាវិញក្រោមប្រតិបត្តិការវាយប្រហារមានឈ្មោះថា Bunyan Ul Marsoos រឺ ក្បាលគ្រាប់នាំមុខ ដើម្បីឆ្លើយទៅឥណ្ឌាដែលបានវាយប្រហារលើទីតាំងទាំង ៩ របស់ប៉ាគីស្ថាន។
ប្រមុខមេបញ្ជាការទ័ពប៉ាគីស្ថានបានចេញមុខព្រមានថារដ្ឋប៉ាគីស្ថានមិនមែនជារដ្ឋដែលរងការបំផិតបំភ័យពីសត្រូវណាមួយឡើយ ហើយឥឡូវនេះឥណ្ឌាគ្រាន់តែចាំការឆ្លើយតបរបស់ប៉ាគីស្ថានត្រឡប់វិញទៅ។
នៅក្នុងការវាយប្រហារត្រឡប់ទៅវិញនេះគេឃើញមានកងកម្លាំងពិសេស និងកងទ័ពជើងអាកាសប៉ាគីស្ថានបើកការវាយប្រហារព្រមៗគ្នាចូលទីតាំងមួយចំនួនរបស់ឥណ្ឌាក្នុងនោះមានមូលដ្ឋានទ័ពរបស់ឥណ្ឌា និងបានបំផ្លាញហេដ្ឋរចនាសម្ព័ន្ធមួយចំនួនរបស់ឥណ្ឌា។

ភ្លាមៗតាមរបាយការណ៍ពីប្រទេសឥណ្ឌា ឥណ្ឌាបានអះអាងថាខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ប៉ាគីស្ថានក្នុងក្រុង Amritsar របាយការណ៍នៃអ្នកស្លាប់បាត់បង់ជីវិត នៅមិនទាន់មានបន្ថែមនៅឡើយនោះទេ។ ឥណ្ឌាក៏បានព្រមានទៀតថានិងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីឆ្លើយតបទៅកាន់ប៉ាគីស្ថានវិញ។
ដើមចមនៃការផ្ទុះអាវុធជារឿយៗនៃតំបន់ កាស្មៀរ ដោយសារតែតំបន់នេះត្រូវបានបែងចែករវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៧ ដោយប្រទេសទាំងពីរបានទាមទារទឹកដីទាំងស្រុងប៉ុន្តែគ្រប់គ្រងផ្នែកដាច់ដោយឡែកពីគ្នា។ក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាចាប់តាំងពីឆ្នាំ ១៩៨៩ ដោយទាមទារឯករាជ្យ និងការរួមបញ្ចូលគ្នាជាមួយប៉ាគីស្ថានឡើងវិញ នៅក្នុងតំបន់ជម្លោះនេះមានពលរដ្ឋមូស្លឹមរស់នៅប្រមាណដល់ជិត ៩លាននាក់នៃប្រជាជនសរុបក្នុងតំបន់ ១៥លាននាក់។

ការវាយប្រហារដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាគឺនៅក្រុង Pulwama ក្នុងឆ្នាំ ២០១៩ដោយក្រុមបះបោរបានបើករថយន្តដែលផ្ទុកទៅដោយគ្រឿងផ្ទុះចូលទៅក្នុងក្បួនរថយន្តប៉ូលិស ដោយបានសម្លាប់មនុស្ស ៤០ នាក់ និងរបួស ៣៤ នាក់ ។ អ្នកជំនាញបានប៉ានប្រមាណថាប្រសិនបើជម្លោះកាទូតមួយនេះមិនអាចស្វែងរកដំណោះស្រាយបាននោះទេ នោះឥណ្ឌាអាចនិងឈានដល់ប្រើកម្លាំងទ័ពដើម្បីដោះស្រាយបញ្ហាមួយនេះ៕