
ភ្នំពេញ៖ ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅក្នុងខែមិថុនាខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល។ សមាជរដ្ឋសភា និង ព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជាធិបតេយ្យនិងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់ មកលើរាជរដ្ឋាភិបាល នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដាឆ្នាំ២០២៣ កន្លងនេះ។
យោងតាមការប្រកាសពីរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា សមាជរដ្ឋសភា និង ព្រឹទ្ធសភា គឺជាឱកាសវិសេសវិសាលមួយដែលរាជរដ្ឋាភិបាល បង្ហាញពីទំនួលខុសត្រូវចំពោះមុខពលរដ្ឋ ដោយនៅក្នុងនោះនឹងបង្ហាញពីលទ្ធផលការងារសម្រេចបានជិត២ឆ្នាំមកនេះ ជូនពលរដ្ឋនៅចំពោះមុខតំណាងរាស្រ្ត ដែលជាតំណាងពលរដ្ឋម្ចាស់ឆ្នោត។
រដ្ឋសភា បានលើកយកច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និង ព្រឹទ្ធសភាថា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និង ព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬ ករណីប្រធានសក្តិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិនិងប្រជាជនឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ។
ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន។ ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និង ព្រឹទ្ធសភាឱ្យចូលរួមប្រជុំសមាជ។ ច្បាប់សមាជរដ្ឋសភាព្រឹទ្ធសភា បានកំណត់ថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។
បើតាមរដ្ឋសភាកម្ពុជា សមាជរដ្ឋសភា និង ព្រឹទ្ធសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ លទ្ធផលចេញពីសមាជ ជាលទ្ធផលឧត្តុងឧត្តម ខ្ពង់ខ្ពស់បំផុតដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច។ សមាជរដ្ឋសភានិងព្រឹទ្ធសភាព ជាដំណើរលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានបង្កើតឡើងក្រោយពីការបោះឆ្នោត កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគណបក្សនយោបាយ ចំនួន ១៨ ហើយមានប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតចំនួន ៨៤.៥៩% បានអញ្ជើញទៅបោះឆ្នោត។គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ លើសលប់គិតជាភាគរយប្រមាណ ៨២.៣% នៃចំនួនអ្នកបោះឆ្នោត ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយក្នុងដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។ គណបក្សនយោបាយចំនួនពីរទទួលបានអាសនៈនៅរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ។
ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋបែបនេះហើយ បានជារាជរដ្ឋាភិបាលស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋសភា ព្រឹទ្ធសភា ឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិនៅក្នុងរយៈពេលជិត២ឆ្នាំមកនេះ៕