
ទីម័រឡេស្តេ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ៩ ឧសភានេះ បានប្រកាសពីការភ្ញាក់ផ្អើលរបស់ខ្លួនដោយ សន្តិភាព និង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំឱ្យកម្ពុជាក្លាយជាប្រទេសរងគ្រោះដោយសារ«ការឆបោកអនឡាញ»។សម្តេចចាត់ទុកបញ្ហាបទល្មើសបច្ចេកវិទ្យា គឺជារឿងពិបាកដែលទាមទារឱ្យមានការចូលរួមទប់ស្កាត់តាមរយៈការអប់រំ និង ប្រដៅប្រជាជនខ្លួនកុំឲ្យលែងល្បែងស៊ីសង។
ថ្លែងក្នុងបាឋកថាប្រធានបទ៖ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៏ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព »ពីវិមានប្រធានាធិបតីទីម័រឡេស្តេ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ យ៉ាងសកម្មបំផុតក្នុងការចូលរួមជាមួយអន្តរជាតិ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ឬអនឡាញ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និង ទប់ស្កាត់បទល្មើសជាច្រើនទៀត។
ត្រង់ចំណុចនេះ សម្តេច ហ៊ុន សែន បានអះអាងថា ខុសពីសម័យសង្គ្រាមប្រជាជនប្រទេសមួយចំនួនមិនហ៊ានមកប្រទេសកម្ពុជានោះទេ តែឥឡូវដោយសារសុខសន្តិភាព និង ការអភិវឌ្ឍនៅរយៈពេលចុងក្រោយ កម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយត្រូវបានគេខ្លាច និង ត្រូវបានគេបន្ទោសថា ជាប្រទេសឋានសួគ៌លោកិយ នៃការឆបោក តាមរយៈអនឡាញទៅវិញ។
ក្នុងន័យនេះ សម្តេច ហ៊ុន សែន ចាត់ទុកបញ្ហានេះ មិនមែនមានតែប្រទេសកម្ពុជានោះទេ គឺជារឿងសកលលោកដែលត្រូវចូលរួមដោះស្រាយរួមគ្នា ជាពិសេសអំពាវនាវដល់ប្រទេស ដែលមានជនរងគ្រោះចំពោះការឆបោកតាមអនឡាញនោះគប្បី ត្រូវតែណែនាំ និង ប្រដៅប្រជាជនខ្លួនកុំឲ្យលែងល្បែងស៊ីសង។