
ទីម័រឡេស្តេ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ៧ ឧសភា ដឹកនាំក្រុមការងារទៅកាន់ទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ ដើម្បីបន្តបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ការទៅដល់របស់សម្តេច ហ៊ុន សែន ទីម័រឡេស្តេ ទទួល«បដិសណ្ឋារកិច្ច»សម្តេច ហ៊ុន សែន យ៉ាងកក់ក្តៅដោយប្រធានាធិបតី ជាអ្នកបើករថយន្តក្បួនជូនសម្តេចផ្ទាល់ ចេញពីអាកាសយានដ្ឋានអន្តរជាតិនីកូឡៅលូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារដែលសម្ដេចតេជោស្នាក់នៅ។
ថ្នាក់ដឹកនាំទីម័រឡេស្តេ ដែលចេញមកទទួលបដិសណ្ឋារកិច្ច សម្តេច ហ៊ុន សែន មាន លោក ចូ ហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ លោក ហ្វ្រង់ ស៊ីស្កូកាបួរឌី ឡាយ ឧបនាយករដ្ឋមន្ត្រីទី១ និង ជារដ្ឋមន្ត្រីសម្របសម្រួល សេដ្ឋកិច្ចនិងជារដ្ឋមន្ត្រីទេសចរណ៍ និង បរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
លោក ចូ ហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ បានផ្តល់កិត្តិយស បើករថយន្តដោយផ្ទាល់ ជូនដំណើរសម្តេច ហ៊ុន សែនតាំងពីអាកាសយានដ្ឋាន រហូតដល់សណ្ឋាគារដែលសម្តេច និង គណៈប្រតិភូជាន់ខ្ពស់ស្នាក់នៅ ដោយអមសងខាងផ្លូវ មានប្រជាពលរដ្ឋ សិស្សានុសិស្យយ៉ាងច្រើនកុះករឈទួលសា្វគមន៍ និង អបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះវត្ថមាន សម្តេច ហ៊ុន សែន ដែលជាបុរសខ្លាំងរបស់កម្ពុជា និង ជាបុរសរដ្ឋរបស់អាស៊ាន។
ក្នុងដំណើរទស្សនកិច្ចផ្លូវការទទួលសម្តេច ប្រធានាធិបតីទីម័រឡេស្តេ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ «សម្តេច ហ៊ុន សែន, មិត្តល្អម្នាក់ មិត្តដ៏អស្ចារ្យម្នាក់ មកលេងយើង»។ត្រង់ន័យនេះ គឺគេអាចនឹងបានដឹង សម្តេច ហ៊ុន សែន គឺជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និង ជាបុរសរដ្ឋអាស៊ានម្នាក់ដែលបានខិតខំព្យាយាមអន្ទងចិត្តថ្នាក់ដឹកនាំអាស៊ានឱ្យបើកចិត្តទទួលយកប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន។
ក្នុងពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ មេដឹកនាំអាស៊ាន សម្រេចផ្តល់ឋានៈទីម័រឡេស្តេ ជាប្រទេសសង្កេតការណ៍ និង អនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។បន្ថែមពីនេះ ប្រទេសសមាជិកអាស៊ានទាំងអស់ និង ដៃគូខាងក្រៅ ត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ។
គួរបញ្ជាក់ថា ប្រទេសទីម័រឡេស្តេ បានទទួលបានឯករាជ្យពីឥណ្ឌូណេស៊ី នៅឆ្នាំ២០០២ និង មានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ប្រទេសនេះ បានដាក់ពាក្យចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១១។
តាមគម្រោងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅប្រទេសទីម័រឡេស្តេ សម្តេច នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និង ផ្តល់បាឋកថាលើប្រធានបទស្តីពី -មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និង ភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និង វិបុលភាព-នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ៕