Smart saver cctime web bannertif

សម្ដេច ហ៊ុន សែន បានចាប់ផ្ដើមទស្សនកិច្ចនៅឥណ្ឌូនេស៊ី នាព្រឹកនេះ និងបន្តទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេនាថ្ងៃទី៧ ឧសភា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាប់ផ្ដើមបេសកកម្មការទូតដ៏សំខាន់មួយនៅថ្ងៃនេះ ដោយអញ្ជើញបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី និងទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ។ ដំណើរទស្សនកិច្ចរយៈពេលច្រើនថ្ងៃនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាពិសេសក្នុងក្របខណ្ឌអាស៊ាន។ របៀបវារៈសំខាន់ៗរួមមានកិច្ចប្រជុំជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ី និងទីម័រឡេស្តេ ការថ្លែងសុន្ទរកថានៅលេខាធិការដ្ឋានអាស៊ាន និងសភាជាតិរៀងៗខ្លួន និងការទទួលគ្រឿងឥស្សរិយយសកម្រិតខ្ពស់ពីទីម័រឡេស្តេ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីព្រឹកនេះ រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

តាមកម្មវិធីគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្ដេចតេជោ នឹងមានជំនួបសម្តែង ការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្ដម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធាន ព្រឹទ្ធសភា, និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។

ដោយឡែកកម្មវិធីដែលបានគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អវតា ប្រធានាធិបតីទីម័រឡេស្តេ, ឯកឧត្តម កៃ វ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។

គួរកត់សំគាល់ផងដែរថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្ដេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្ដ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង