
ឈីលី៖ ប្រទេសឈីលីបានចេញការប្រកាសអាសន្នជាបន្ទាន់ដល់ពលរដ្ឋពីការវាយប្រហារដោយរលកយក្សស៊ូណាមិអាចនិងកើតមានក្រោយការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារតំបន់ Magallanes ដែលជំរុញឱ្យអាជ្ញាធរឈីលីចេញការព្រមានអំពីរលកយក្សស៊ូណាមិជាបន្ទាន់។ ការរញ្ជួយដីនេះបានកើតឡើងក្នុងជម្រៅ១០គីឡូម៉ែត្រ ចម្ងាយប្រមាណ២១៩គីឡូម៉ែត្រភាគខាងត្បូងក្រុង យូស៊ូយ៉ា ប្រទេសអាហ្សង់ទីន។

ជាការឆ្លើយតបទៅនឹងការគំរាមកំហែងពីរលកយក្សស៊ូណាមិ អ្នកស្រុកប្រហែល ២,០០០ នាក់នៅក្នុងតំបន់ Magallanes និងបុគ្គលិកនៅឯមូលដ្ឋានស្រាវជ្រាវអង់តាក់ទិកត្រូវបានជម្លៀសទៅកាន់ទីទួលខ្ពស់។ ប្រធានាធិបតីឈីលី លោក Gabriel Boric បានកោះប្រជុំឆ្លើយតបបន្ទាន់មួយ និងបានជំរុញសាធារណជនឲ្យអនុវត្តសុវត្ថិភាពតាមការប្រកាសរបស់អាជ្ញាធរ ។
ភ្លាមៗក្រោយកើតមានគ្រោះរញ្ជួយដីបឋមពុំមានអ្នកស្លាប់ និងរបួស ឬការខូចខាតអ្វីគួរឱ្យកត់សម្គាល់នោះទេ។ កម្ពស់ទឹករលកបានហក់ឡើងដល់ទៅ ៦ម៉ែត្រដែលបាននេះបង្កការព្រួយបារម្ភជាខ្លាំងដែលអាចនឹងកើតមានគ្រោះយក្សស៊ូណាមិ៕