
ភ្នំពេញ៖ ក្នុងរយៈពេល២៥ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០០០មក ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាចំនួន ២៥លើក ដែលសរុបជាថវិកា២.២៥៥.៥០០ ដុល្លារអាម៉េរិក។នៅក្នុងឆ្នាំទី២៥នេះ ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប ដែលមានលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល បានបន្តនាំយកថវិកាចំនួន ២០០.០០០ ដុល្លារ (ម្ភៃម៉ឺនដុល្លារអាម៉េរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីប្រគល់ និង ទទួលថវិកា រៀបចំឡើងក្រោមវត្តមានរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និង លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកាណាឌីយ៉ា គ្រុប លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាតឱ្យក្រុមហ៊ុន និង សប្បុរសជន វិស័យឯកជន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា៕



