
ខេត្តព្រះវិហារ៖ អាជ្ញាធរ ភាគីថៃបានសម្រេចបិទច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៩ព្រឹក។ នេះបើតាម ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ។
យោងតាមសេចក្តីប្រកាសនៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ បានបញ្ជាក់ថា ការបិទច្រកទ្វារព្រំដែនអានសេះ ដែលស្ថិតនៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នេះ គឺធ្វើឡើងដោយកងកម្លាំងសុរៈណារីថៃ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអានម៉ា ក្នុងទឹកដីថៃ។
ច្រកទ្វារព្រំដែនអានសេះ ជាច្រកទ្វារដែលមានការអនុញ្ញាតឱ្យធ្វើការដោះដូរទំនិញរយៈពេលត្រឹមតែពីរថ្ងៃក្នុងមួយសប្តាហ៍ប៉ុណ្ណោះ គឺនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ទំហំនៃការដោះដូរទំនិញឆ្លងកាត់ច្រកនេះមានកម្រិតតិចតួច ដោយភាគីកម្ពុជាភាគច្រើននាំយកកសិផល និងអនុផលព្រៃឈើតាមរដូវកាល ដូចជា ចុងផ្តៅ ផ្សិត ផ្លែស្វាយ និងល្ពៅ ទៅលក់ឱ្យភាគីថៃ។ ចំណែកឯភាគីថៃវិញ នាំចូលមកលក់ទឹកសុទ្ធ ដួងមាន់ និងទំនិញចាបហួយមួយចំនួន។
អាជ្ញាធរខេត្តព្រះវិហារបានបញ្ជាក់យ៉ាងច្បាស់ថា ការបិទច្រកទ្វារព្រំដែននេះ នឹងមិនផ្តល់ផលចំណេញដល់ភាគីណាមួយឡើយ។ ផ្ទុយទៅវិញ វាបានធ្វើឱ្យអាជីវករទាំងសងខាងនៃប្រទេសកម្ពុជា និងថៃ រងការខាតបង់ផលប្រយោជន៍យ៉ាងខ្លាំង។ យោងតាមការពិនិត្យជាក់ស្តែង អាជ្ញាធរបានសង្កេតឃើញថា អាជីវករថៃទំនងជាទទួលរងការខាតបង់ច្រើនជាងអាជីវករកម្ពុជា នៅក្នុងស្ថានភាពនៃការបិទច្រកទ្វារនេះ។
អាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពនេះ និងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងបើកច្រកទ្វារព្រំដែនឡើងវិញឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនទាំងសងខាង៕
