Cctime 6monthsfree desktop
Cc times  web banner kh (2)

មេដឹកនាំម៉ាឡេស៊ី កម្ពុជា និង សិង្ហបុរី ហៅទូរស័ព្ទរកគ្នានិយាយពីបញ្ហាមីយ៉ាន់ម៉ា និង សង្គ្រាមពាណិជ្ជកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និង ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ​លោក Anwar Ibrahim នៅថ្ងៃទី ២៩ មេសាម្សិលមិញ បានហៅទូរស័ព្ទរកគ្នា ដើម្បីជជែកពីបញ្ហាសង្គ្រាមនៅមីយ៉ាន់ម៉ា និង បញ្ហាសង្គ្រាមពាណិជ្ជកម្ម ជាពិសេសការដំឡើងពន្ធអាម៉េរិក នៅតំបន់អាស៊ាន។

យោងតាមការបង្ហោះដោយនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ​លោក Anwar Ibrahim បានគូសបញ្ជាក់ថា លោក បាន​ប្រាប់​កម្ពុជា និង​សិង្ហបុរី ​អំពី​លទ្ធផល​នៃ​ការ​ចូល​រួម​ថ្មីៗ​របស់​លោក​នៅ​ទីក្រុង​បាងកក។ កិច្ចប្រជុំទាំងនេះ មានការពិភាក្សាជាមួយឧត្តមសេនីយ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា (SAC) និង លោក Mahn Win Khaing Than នៃរដ្ឋាភិបាលឯកភាពជាតិ (NUG) ដើម្បីស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ា។

បើតាម ​លោក Anwar Ibrahim កម្ពុជា និងសិង្ហបុរី ​ គាំទ្រយ៉ាងពេញទំហឹងចំពោះម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ានបច្ចុប្បន្ន ដើម្បីបន្តកិច្ចសន្ទនារបស់ខ្លួនជាមួយភាគីពាក់ព័ន្ធទាំងអស់ ឆ្ពោះទៅរកការសម្រេចបាននូវដំណោះស្រាយយូរអង្វែង និង សន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្នុងការសន្ទនានេះ រដ្ឋមន្រ្តីទាំង៣ បានពិភាក្សាពីទិដ្ឋភាពវិវឌ្ឍនៃពាណិជ្ជកម្មក្នុងតំបន់ ដោយផ្តោតជាពិសេសទៅលើពន្ធគយថ្មីៗដែលដាក់ដោយសហរដ្ឋអាម៉េរិក។ នាយករដ្ឋមន្ត្រី Anwar បានជូនដំណឹងដល់សមភាគីរបស់ខ្លួនថា ប្រទេសម៉ាឡេស៊ី កំពុងចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយដែលមានអត្ថប្រយោជន៍ទៅវិញទៅមកជាមួយសហរដ្ឋអាម៉េរិក។

​លោក Anwar បានសង្កត់ធ្ងន់លើស្មារតីនៃមិត្តភាព ការគោរពគ្នាទៅវិញទៅមក និង គោលការណ៍នៃភាពជាកណ្តាលរបស់អាស៊ាន ដែលគាំទ្រការពិភាក្សាទាំងនេះ។ លោក​បាន​សម្តែង​នូវ​ការ​ជឿជាក់​ថា វិធីសាស្ត្រ​សហការ​នេះ​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សន្តិភាព វិបុលភាព និង​សុខុមាលភាព​ទូទៅ​របស់​ប្រជាជន​ទូទាំង​តំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង