វៀតណាម៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងជំនួបជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម, សម្តេច បានស្នើវៀតណាមគាំទ្រប្រទេសទីម័រឡេស្តេចូលជាសមាជិកអាស៊ាន។
សម្តេច ហ៊ុន សែន បានរំលេចថា ចាប់តាំងពីក្លាយជាអ្នកសង្កេតការណ៍នៅឆ្នាំ២០២២ ទីម័រឡេស្តេមិនត្រឹមតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រជុំ និងសកម្មភាពអាស៊ានជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងន័យស្ថាបនាដល់ការពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ផងដែរ។ ទីម័រឡេស្តេ បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញរាល់តម្រូវការដែលមានចែងក្នុង ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ានពេញសិទ្ធិ ដោយបានបំពេញលក្ខណៈវិនិច្ឆ័យចំនួន ៦ ក្នុងចំណោម ៧ និងបន្តធ្វើឱ្យមានវឌ្ឍនភាពក្នុងការចូលជាភាគីនៃលិខិតូបករណ៍ គតិយុត្ត។

សម្តេច ហ៊ុន សែន អះអាងថា ដោយទទួលស្គាល់ការប្តេជ្ញាចិត្ត និងវឌ្ឍនភាពវិជ្ជមានរបស់ទីម័រឡេស្តេ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ឲ្យទីម័រឡេស្តេក្លាយជាសមាជិកអាស៊ានពេញសិទ្ធិនៅឆ្នាំនេះ ហើយទីម័រឡេស្តេ អាចបន្តធ្វើការចូលជាភាគីនៃលិខិតូបករណ៍គតិយុត្តដែលនៅសេសសល់នៅពេលក្រោយ។
សម្តេចប្រធានព្រឹទ្ធសភា ជឿជាក់ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំ ជាក្រុម ក្នុងពេលពិភពលោកមានភាពមិនប្រាកដប្រជា ហើយក៏នឹងជួយទីម័រឡេស្តេ ទទួល កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ៕
