Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមអរគុណថ្នាក់ដឹកនាំកម្ពុជាដែលចូលរួមអបអរសាទរខួប៥០ឆ្នាំនៃ«ការបង្រួបបង្រួម»វៀតណាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្តាំ៖ លោក តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ក្រុងហូជីមិញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង ថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀត នៅថ្ងៃទី ២៩ មេសាម្សិលមិញ បានចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម។ក្នុងទស្សនកិច្ចនោះ សម្តេច ហ៊ុន សែន ក្នុងនាមជាអ្នកនយោបាយចាស់វស្សានៃកម្ពុជា បានជួបជាមួយមេដឹកនាំកំពូលៗរបស់វៀតណាម។ក្នុងជំនួបនោះ មេដឹកនាំវៀតណាម សម្តែងការអរគុណដល់ សម្តេច ហ៊ុន សែន និង ក្រុមការងារនៃកម្ពុជាដែលបានចូលរួមអបអរសាទរខួប៥០ឆ្នាំនៃ«ការបង្រួបបង្រួម»វៀតណាម។

ក្នុងបេសកកម្មទៅវៀតណាម កាលពីម្សិលមិញសម្តេច ហ៊ុន សែន និងគណៈប្រតិភូ បានជួបជាមួយ លោក តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក PHAM Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម។

ក្នុងជំនួបជាមួយមេដឹកនាំកំពូលៗរបស់វៀតណាមខាងលើ សម្តេច ហ៊ុន សែន បានសម្តែងអបអរសាទរ រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម និង បានចាត់ទុកការប្រារព្ធពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ។

សម្តេច ហ៊ុន សែន បង្ហាញនៅមោទនភាពដែលមានកងទ័ពកម្ពុជាបានចូលរួមក្នុងព្យុហយាត្រាកងទ័ពដើម្បីអបអរសាទរខួបលើកទី៥០នៃការរំដោះភាគខាងត្បូង និង បង្រួបបង្រួមជាតិវៀតណាម ដែលសកម្មភាពនេះ មិនត្រឹមតែបង្ហាញអំពីមិត្តភាពជាអ្នកចិត្តខាងល្អ និងបងប្អូនល្អប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមបង្កើតនូវទំនាក់ទំនងកងទ័ព និង កងទ័ពទៀតផងដែររវាងប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន មេដឹកនាំកំពូលៗសុទ្ធតែបង្ហាញពីការអរគុណចំពោះកម្ពុជាដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបេសកកម្មជួយឱ្យវៀតណាម បានក្លាយជាប្រទេសតែមួយ។លោក តូ ឡឹម ក្នុងនាមជាអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម បានអរគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និង ប្រជាជនកម្ពុជាដែលបានជួយគាំទ្រ​ វៀតណាមទទួលបាននូវជ័យជំនះនៅថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៧៥។ 

បើតាមមេបក្សកុម្មុយនីសវៀតណាមរូបនេះ បានចាត់ទុកកិច្ចខិតខំខាងលើជាប្រវត្តិសាស្រ្តប្រទេសទាំងពីរ ដែលឆ្លងកាត់ជាមួយគ្នាដ៏លំបាក ហើយប្រទេសទាំងពីរ ត្រូវតែរក្សា និងពូនជ្រុំ និង កិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ បន្តទៀត។

គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម បានបង្កើតចំណងការទូតនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ពោល គឺនៅក្នុងសម័យសង្គមរាស្រ្តនិយមដែលដឹកនាំដោយសម្តេច ព្រះនរោត្តម សីហនុ។ ប៉ុន្តែទំនាក់ទំនងនេះ ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ១៩៧០ ដោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីសំណាក់ក្រុមលោកសេនាប្រមុខលន់ នល់ នាំឱ្យទំនាក់ទំនងការទូតនៃ ប្រ ទេសទាំង២ កាន់តែអាក្រក់ រហូតនាំឱ្យឲ្យប្រជាពលរដ្ឋនៃប្រទេសទាំង២បានស្លាប់បាត់ បង់ជីវិតជាច្រើននាក់។

កម្ពុជាបានជួយវៀតណាមបង្រួបបង្រួមវៀតណាមខាងត្បូង និងវៀតណាមខាងជើង មកជាប្រទេសតែមួយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ តាមរយៈកម្ពុជា បានអនុញ្ញាតឲ្យកងទ័ពរំដោះជាតិវៀតណាម ហៅថា វៀតកុង ប្រើប្រាស់ទឹកដីជាប់ព្រំដែន ដើម្បីដឹកស្បៀង សព្វាវុធ វាយលុកផ្តួលវៀតណាមខាងត្បូង។ម្លោះហើយបានជាអាម៉េរិក ដែលជាសម្ព័ន្ធមិត្តជាមួយវៀតណាមខាងត្បូង ទម្លាក់គ្រាប់បែកមកដូចគ្រាប់ភ្លៀងមកលើកម្ពុជាជិត៣លានតោន បង្កឱ្យស្លាប់ប្រជាជនកម្ពុជានៅតាមព្រំដែនជាច្រើននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង