
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជូនដំណឹងលើគេហទំព័រហ្វេសប៊ុកផ្លូវការថា «នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម។
លោក ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ជាការទទួលស្គាល់ការរួមចំណែករបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា»៕