Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលើពិភពលោករបស់ចិន BYD បើករោងចក្រដំឡើងរថយន្តនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ក្រុមហ៊ុន BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅលើពិភពលោករបស់ចិន នៅថ្ងៃទី ២៨ មេសានេះ បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD CAMBODIA នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ក្រុមហ៊ុន នឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារ សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និង អគ្គិសនីលាយសាំង (PHEV) រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តប្រមាណ ១០ ០០០គ្រឿង ក្នុងមួយឆ្នាំ។

យោងតាមរបាយការណ៍ រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និង ចាប់ផ្តើមដំណើរការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅ កម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វត្តមានរបស់ក្រុមហ៊ុន BYD នៅកម្ពុជានេះ បង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗដូចជា៖ (១)កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច (២)លក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និង (៣)ការបើកចំហសេដ្ឋកិច្ចទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅកម្ពុជា ធ្លាប់បានប្រកាសអបអរសាទរ ការបើករោងចក្រនៅកម្ពុជារបស់ក្រុមហ៊ុន BYD ខណៈកម្ពុជាក៏មានក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន ford ក្រុមហ៊ុន Toyota ក្រុមហ៊ុន ហាយាន់ដាយ របស់ជប៉ុនជាដើម។សម្រាប់សម្តេច ក្រុមហ៊ុនធំៗទាំងនោះ នឹងផ្សារភ្ជាប់ជាមួយសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា ហើយប្តេជ្ញាបន្តខិតខំទាក់ម៉ូយ(បន្តទាក់ទាញអ្នកវិនិយោគគិន)មកវិនិយោគបន្ថែមទៀត។

រយៈពេល ៣ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៧២គម្រោង ក្នុងទុនវិនិយោគប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក បង្កើតការងារបានចំនួនជិត ១២ម៉ឺនកន្លែង។បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៥ពាន់លានដុល្លារអាម៉េរិក ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ៣២តំបន់ ស្រូបទាញគម្រោងវិនិយោគចំនួន ៩០៣គម្រោង ក្នុងទំហំទុនវិនិយោគ ប្រមាណ ១២,៤ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ២០ម៉ឺនកន្លែង។

ដោយឡែក តំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ មានចំនួន ១៣តំបន់ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ៥តំបន់ ដោយបានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់ទាំងនោះចំនួន ៣៣៨គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណជាង ៤ម៉ឺនកន្លែង។ រីឯនៅ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គិតចាប់ពីដំណើរការមកដល់បច្ចុប្បន្ន ក.អ.ក បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៧៧ គម្រោង ក្នុងទុនវិនិយោគប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមានគម្រោងវិនិយោគចំនួនប្រមាណ ១១១ កំពុងដំណើរការ ក្នុងទំហំទុនវិនិយោគប្រមាណ ៩០៤ លានដុល្លារអាមេរិក ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ២៨ ១៦០ កន្លែង និងប្រមាណ ៦៥ គម្រោងកំពុងសាងសង់រោងចក្រ និងបំពាក់គ្រឿងម៉ាស៊ីន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង