
ភ្នំពេញ៖ គ្រួសារកុមារី ស៊ុន ស្រីតី(ចៅស្រីតូច លក់ផ្កា)ដែលលក់ផ្កានៅគិរីរម្យ ត្រូវបានជួយស្រោចស្រង់រួចពីភាពក្រីក្រ ក្រោយពីបានចូលជួបសម្តេច ហ៊ុន សែន នៅភូមិគ្រឹះតាខ្មៅ នាថ្ងៃទី ២៧ មេសា ឆ្នាំ២០២៥នេះ។ក្នុងជំនួបនោះសម្តេច ហ៊ុន សែន ជួយគ្រួសារកុមារីលក់ផ្កានៅគិរីរម្យ ១ម៉ឺនដុល្លារ និង ៣០លានរៀល ដាក់ធនាគារ ផ្តល់១ខែ១លានរៀលរយៈពេល៣ឆ្នាំសម្រាប់ធ្វើផ្ទះ ទិញដីធ្វើចំការ។
យោងតាមបង្ហោះតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និង ការសិក្សាគឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរគឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។
សម្តេចថ្លែងថា "ប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុន្នោះ។ គ្រួសារចៅស្រី តី មាន សមាជិក ៥នាក់ រួមមាន៖ - ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ- ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក ៖ ១)ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២)ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣)ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ(ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន"។
បើតាមសម្តេច ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារចៅស្រីតី សម្ដេច បានផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយ។ សម្ដេច ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និង ដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និង អាចធ្វើចំការ ចិញ្ចឹមសត្វបាន ពិសេស គឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន៕