Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន ចង់ឱ្យកម្ពុជា-ថៃដំឡើងកម្រិត«ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»នាពេលអនាគត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោកស្រី Paetongtarn Shinawatra និង សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងពីការចង់ឃើញកម្រិតទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ឡើងដល់«ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»នាពេលអនាគត។ការថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពេលសម្តេចស្វាគមន៍លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ។

ក្នុងជំនួបពិភាក្សានោះ សម្តេច ហ៊ុន សែន និង លោកស្រី Paetongtarn Shinawatra បានជជែកគ្នាយ៉ាងច្រើនពីទំនាក់ទំនងកម្ពុជា និង ថៃ ដែលសព្វថ្ងៃ គឺជាខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើសកម្មភាពព្រមៗគ្នា។

បើតាមសម្តេច ហ៊ុន សែន កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាព លើកកម្ពស់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនេះ ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នាពេលអនាគត។

ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច សម្តេច ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យប្រទេសទាំងពីរ គិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានា ដូចជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។

គួរបញ្ជាក់ថា កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ពី «ការ​ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព និង​វិបុលភាព» ​ទៅ​ជា «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ»។ការប្រកាសនេះ ធ្វើងឡើង នៅ​ក្នុង​ជំនួប​រវាង​សម្តេច ហ៊ុន ម៉ាណែត និង​លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) អតីតនាយករដ្ឋមន្ត្រី​ថៃ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​ក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃទី​៧ កុម្ភៈ ២០២៤។ការដំឡើងនេះ គឺដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ជាតិ និង​ប្រជាជន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង