
ភ្នំពេញ៖ អង្គការនារីដើម្បីសន្តិភាព នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី៖ «ការរាយការណ៍ដែលគិតគូរពីយេនឌ័រ និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ» នៅថ្ងៃទី ០១-០២ ខែឧសភា ឆ្នាំ២០២៥ សម្រាប់អ្នកសារព័ត៌មាន ឬ អ្នករាយការណ៍ព័ត៌មាន។ អ្នកសារព័ត៌មានត្រូវចុះឈ្មោះជាមុនតាមតំណភ្ជាប់តាមអនឡាញ ក្នុងករណីត្រូវបានជ្រើសរើសអង្គការនឹងទាក់ទងដើម្បីអាចចូលរួម។
យោងតាមសេចក្តីជូនដំណឹងក្នុងគេហទំព័រនៃអង្គការនារីដើម្បីសន្តិភាព បានឱ្យដឹងថា អង្គការនឹងរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីអំពី៖ «ការរាយការណ៍ដែលគិតគូរពីយេនឌ័រ និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ» ក្នុងនាមជាសមាជិកមួយរូបរបស់ក្រុមការងារត្រួតពិនិត្យ និងតាមដានការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពីអំពើហិង្សាលើស្រ្តី។ កម្មវិធីនេះទទួលបានជំនួយឧបត្ដម្ភពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) តាមរយៈអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់ (GNO) និងអង្គការភ្លែនអន្តរជាតិកម្ពុជា (PIC) ។

បើតាមអង្គការនារីដើម្បីសន្តិភាព វគ្គបណ្តុះបណ្តាលនេះផ្តល់ជូនអ្នកសារព័ត៌មាន និងអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១-០២ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្នុងករណី មានចំណាប់អារម្មណ៍ សូមចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ៖ https://forms.office.com/r/Pe4ecCszS0 ឱ្យបានមុនថ្ងៃទី ២៨ មេសា ២០២៥។ អង្គការនារីដើម្បីសន្តិភាព បានបញ្ជាក់ថា ក្រុមការងារនឹងធ្វើការទាក់ទងទៅអ្នកចូលរួមដែលត្រូវបានជ្រើសរើសតែប៉ុណ្ណោះ ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះក្រោយចុះឈ្មោះបានជោគជ័យ។
គួរបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការចូលរួមកម្មវិធីនេះ គឺអ្នកចូលរួមត្រូវជាអ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន ដែលមានការតាំងចិត្តខ្ពស់នៅក្នុងការ ផលិតមាតិកា ដែលនាំឱ្យមាន ការផ្លាស់ប្តូរជាវិជ្ជមានអំពីស្ថាន ភាពស្ត្រី នឹងក្មេងស្រី ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមពេញលេញក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង អ្នកនាង អយ ម៉ារីនី ប្រធានគម្រោង នៃអង្គការនារីដើម្បីសន្តិភាព លេខតេឡេក្រាម 086 860 433៕