
វ៉ាស៊ីនតោន៖ ចៅក្រមសហព័ន្ធបានចេញដីកាបឋមដោយបញ្ជាឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ស្ដារឡើងវិញនូវការផ្តល់មូលនិធិ និងប្រតិបត្តិការសម្រាប់វិទ្យុសម្លេងសហរដ្ឋអាម៉េរិក (VOA) និងវិទ្យុផ្សាយអន្តរជាតិផ្សេងទៀតដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរ៉េក។ ការសម្រេចក្តីឱ្យវិទ្យុដែលផ្តល់មូលនិធិដោយអាម៉េរិកបន្តដំណើរការឡើងវិញនេះធ្វើឡើងក្រោយពីលោកដូណាល់ត្រាំបានអំពាវនាវឱ្យបិទប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយសហរដ្ឋអាម៉េរិករួមមាន វិទ្យុអឺរ៉ុបសេរី(RFE) និងសំឡេងសហរដ្ឋអាម៉េរិក (VOA) ដោយលោកបានចាត់ទុកថាប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះបានចំណាយលុយពន្ធពលរដ្ឋអាម៉េរិកអស់រាប់លានដុល្លារក្នុងមួយឆ្នាំៗ ហើយលោកបានបញ្ជាក់ទៀតថាសព្វថ្ងៃនេះអ៊ឺរ៉ុបមានសន្តិភាព និងធិបតេយ្យពេញលេញហើយដូចច្នេះវាជាការប្រសើរនិងចំណេញលុយជាតិប្រសិនបើប្រព័ន្ធផ្សព្វផ្សាយទាំងពីរត្រូវបានបិទ។

យោងតាមសេចក្តីប្រកាសរបស់ចៅក្រមអាម៉េរិក លោក Royce Lamberth បានសម្រេចថា ការបិទជាបន្ទាន់វិទ្យុ VOA វិទ្យុអាស៊ីសេរី និងបណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ា គឺជាការបំពានច្បាប់សហព័ន្ធ និងការការពាររដ្ឋធម្មនុញ្ញ។ ចៅក្រមបានរិះគន់សកម្មភាពនេះថាជាការបំពានខ្លាំងដែលការបិទនេះគឺខុសពីរដ្ឋធម្មនុញ្ញ។ លោកបានសង្កត់ធ្ងន់ថា ស្ថាប័នទាំងអស់នេះមិនអាចបិទបានដោយគ្មានមូលហេតុច្បាស់លាស់នោះទេ ជាពិសេសនៅពេលដែលសភាបានកំណត់ប្រតិបត្តិការរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ដើម្បីលើកកម្ពស់តម្លៃរបស់អាម៉េរិក ដូចជាសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានទូទាំងពិភពលោក។

សម្រាប់លោក Royce Lamberth ដីកាដដែលបានបង្គាប់បញ្ជាឱ្យបុគ្គលិកទាំងអស់ចូលបម្រើការងារវិញជាធម្មតា។ ចៅក្រម Lamberth បានគូសបញ្ជាក់ថា នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៨០ ឆ្នាំរបស់ VOA ដែលផ្អាកការផ្សព្វផ្សាយបណ្តោះអាសន្នការពីកន្លងដោយសារតែសកម្មភាពរបស់រដ្ឋបាលត្រាំចេញបញ្ជាឱ្យបិទប្រព័ន្ធផ្សព្វផ្សាយដែលមានអ្នកតាមដាននៅទូទាំងពិភពលោក។

គួរបញ្ជាក់ថារដ្ឋបាលលោកត្រាំ ធ្លាប់បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលុបបំបាត់ VOA និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលផ្តល់មូលនិធិដោយសហរដ្ឋអាម៉េរិក ដោយបានលើកហេតុផលថាដើម្បីសន្សសំចៃថវិការដ្ឋ និងបានបញ្ជាក់ទៀតថាសព្វថ្ងៃនេះអ៊ឺរ៉ុបមានសន្តិភាព និងធិបតេយ្យពេញលេញហើយដូចច្នេះវាជាការប្រសើរនិងចំណេញលុយជាតិប្រសិនបើប្រព័ន្ធផ្សព្វផ្សាយទាំងពីរត្រូវបានបិទ។ ភ្លាមក្រោយពីតុលាការបានចេញបញ្ជាឲ្យដំណើរការវិញ ខាងរដ្ឋាភិបាលត្រាំមិនទាន់បញ្ជាក់ថាតើនឹងប្តឹងជំទាស់នឹងការសម្រេចនេះនៅឡើយនោះទេ៕