
ជប៉ុន៖ សិស្សវិទ្យាល័យជប៉ុនចំនួន ១០០នាក់ «ចុះទស្សនកិច្ចសិក្សានៅកម្ពុជា» ដើម្បីសិក្សាពីការរស់នៅ បញ្ហាប្រឈម និងឱកាសនៃការវិនិយោគ នៅខេត្តសៀមរាប។ សិស្សទាំងអស់បានរៀបចំបទបង្ហាញ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងពិព័រណ៍ពិភពលោក២០២៥ នៃប្រទេសជប៉ុន ដើម្បីបកស្រាយអំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សា និងធ្វើការរយៈពេលខ្លីជាមួយម្ចាស់សហគ្រិនកម្ពុជា ។

យោងតាមគេហទំព័រនៃស្ថានទូតខ្មែរនៅជប៉ុន បានឱ្យដឹងថា សិស្សវិទ្យាល័យជប៉ុន១០០នាក់ រួមមាន សិស្សនៃវិទ្យាល័យ Ritsumeikan Moriyama ចំនួន ៣៥នាក់ និងសិស្សនៃវិទ្យាល័យ Ritsumeikan Uji ចំនួន ៦៥នាក់ បានចុះទស្សនកិច្ចនៅខេត្តសៀមរាប។ នៅក្នុងកម្មវិធីនេះ សិស្សទាំងពីរវិទ្យាល័យ ត្រូវបានបែងចែកជា ៦ក្រុម ដោយបានធ្វើបទបង្ហាញសង្ខេបអំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សា និងធ្វើការរយៈពេលខ្លីជាមួយម្ចាស់សហគ្រិនកម្ពុជា នៅក្រុមហ៊ុន មរតក សេរ៉ាម៉ិច ក្រុមហ៊ុន CAM-AHA ក្រុមហ៊ុន Blush Boutique ក្រុមហ៊ុន Lavender Jeep និងក្រុមហ៊ុន Seung Khmer។

ក្រោយទស្សនកិច្ច សិស្សទាំង ១០០ នាក់ បានធ្វើបទបង្ហាញ នៅក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា ដោយបង្ហាញពីលទ្ធផល និងសមិទ្ធផលនៃការចុះទស្សនកិច្ចសិក្សា, ចែករំលែកអំពីបទពិសោធន៍និងអនុស្សាវរីយ៍ល្អៗក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការរយៈពេលខ្លីនៅប្រទេសកម្ពុជា, ព្រមទាំងទស្សនាពន្លាជាតិកម្ពុជាជាក់ស្ដែង ដើម្បីស្វែងយល់បន្ថែមអំពីវឌ្ឍនភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចកម្ពុជា សក្តានុពលពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាដើម។

ស្ថានទូតកម្ពុជានៅជប៉ុន បានគូសបញ្ជាក់ថា នៅក្នុងពិព័រណ៍ពិភពលោក២០២៥ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ អូសាកា មានការចូលរួមពីតំណាងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងអូសាកា លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម , តំណាងក្រុមហ៊ុន Tobu Top Tours, ចាងហ្វាងវិទ្យាល័យ Ritsumeikan Moriyama នៃខេត្ត Shiga ,ចាហ្វាងវិទ្យាល័យ Ritsumeikan Uji នៃខេត្តក្យូតុ , តំណាងក្រុមហ៊ុន Very50 ,តំណាងពន្លាជាតិឯកជន Denryokukan ,តំណាងពន្លាជាតិកម្ពុជា ព្រមទាំងសិស្សានុសិស្ស នៃវិទ្យាល័យទាំងពីរ សរុបប្រមាណជាង ១០០នាក់៕



