
ថៃ៖ មានមនុស្សប្រមាណ ១៧នាក់បានរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ ការវាយប្រហារលើកទីមួយបានវាយប្រហារលើអគារស្នាក់នៅរបស់ប៉ូលិសនៅស្ថានីយ Khok Khian ក្នុងស្រុក Muang ដោយបានបំផ្លាញរបងអគារប៉ុស្តិ៍ប៉ូលិស។ ការវាយប្រហារលើកទីពីរកើតឡើងនៅក្នុងតំបន់ក្បែរនោះដែលមានទាំងការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារ។ ជាការឆ្លើយតបភ្លាមៗអាជ្ញាធរបានបង្កើនវិធានការសន្តិសុខនៅទូទាំងតំបន់។

យោងតាមមេបញ្ជាការកងទ័ពទី៤ លោកឧត្តមសេនីយ៍ឯក Paisal Noosang បានបញ្ជាឲ្យពង្រឹងវិធានការសន្តិសុខនៅក្នុងទីក្រុង និងដាក់ពង្រាយកងកម្លាំងបន្ថែមទៅកាន់តំបន់ងាយរងគ្រោះក្នុងស្រុក Muang និងស្រុក Sunai Kolok។ តាមឧត្តមសេនីយ៍ឯកដដែលនៅស្រុកមឿងមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងត្រូវបានគេចតនៅខាងក្រៅអគារស្នាក់នៅរបស់មន្ត្រីប៉ូលិសឃុំខកឃៀន ហើយក្រោយមកក៏បានផ្ទុះបង្កផលប៉ះពាល់បានធ្វើឱ្យខូចខាតអគារ និងរបង អគារប៉ុស្តិ៍ប៉ូលិសព្រមទាំងរថយន្តមួយចំនួន ក្នុងនោះបានបណ្តាលឲ្យមានមនុស្ស ១៧នាក់រងរបួស។

គួរបញ្ជាក់ថាឧប្បត្តិហេតុទាំងនេះគឺជាផ្នែកមួយនៃការបះបោរដែលកំពុងបន្តនៅក្នុងខេត្តភាគខាងត្បូងរបស់ប្រទេសថៃ ដែលក្រុមបំបែកខ្លួនបានធ្វើសកម្មភាពអស់ជាច្រើនទសវត្សរ៍មកហើយ។ ជម្លោះនេះបានបណ្តាលឱ្យមនុស្សជាង ៧,៣០០ នាក់បានស្លាប់ចាប់តាំងពីឆ្នាំ ២០០៤ ជាមួយនឹងការវាយប្រហារជាញឹកញាប់សំដៅទៅលើកងកម្លាំងសន្តិសុខ និងកន្លែងរដ្ឋាភិបាល៕