
រដ្ឋធានីប៉េកាំង៖រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃទី ១៩ មេសានេះ បានថ្លែងសរុបនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៨ មេសា ឆ្នាំ២០២៥នេះ។ក្នុងខ្លឹមសារលោក វ៉ាង យី បានលើកឡើងពីភាពជោគជ័យជាច្រើនៃដំណើរទស្សនកិច្ចប្រកបដោយភាពកក់ក្តៅ និង ការទទួលស្វាគមន៍យ៉ាងល្អពីរាជរដ្ឋាភិបាលកម្ពុជា។ជាមួយគ្នានោះ លោក វ៉ាង យី បានលើកឡើងពីគម្រោង«ព្រែកជីកហ្វូណនតេជោ»ចាត់ទុកជាក្តីសុបិនរយឆ្នាំកម្ពុជា ហើយចិនចាំបាច់ត្រូវតែគាំទ្រ។
ក្នុងចំណោមខ្លឹមសារជាច្រើន រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានសង្កត់ធ្ងន់ពីគម្រោង«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជាដែលបានជជែកជាមួយភាគីរាជរដ្ឋាភិបាលកម្ពុជា ហើយលោកចាត់ទុកគម្រោងជាប្រវត្តិសាស្ត្រនេះ គឺជាក្តីសុបន្តិរយឆ្នាំរបស់កម្ពុជា ដែលទាក់ទងនឹងផលប្រយោជន៍សេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។
បើតាមរដ្ឋមន្រ្តីការបរទេសចិនរូបនេះ ប្រទេសចិនយល់ច្បាស់អំពីកង្វល់របស់កម្ពុជា និង បានផ្តល់ការគាំទ្រជាចាំបាច់ នេះឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់ប្រទេសទាំងពីរ ក្នុងការផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រដល់គ្នាទៅវិញទៅមក។សម្រាប់លោក វ៉ាង យី ចិនក៏បានបង្កើតផែនការសហប្រតិបត្តិការចំនួនពីរគឺ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ដោយផ្អែកលើតម្រូវការរបស់កម្ពុជា ដើម្បីជួយកម្ពុជាកសាងតំបន់ផលិតកម្មឧស្សាហកម្មទំនើប និង លើកកំពស់កម្រិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងឧស្សាហូបនីយកម្ម។
បន្ថែមពីនេះ លោក វ៉ាង យី បានលើកឡើងពីការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ រវាងកម្ពុជា និង ចិនដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិមិត្ត ជំនួយអភិវឌ្ឍន៍ ការត្រួតពិនិត្យគយ វិស័យសុខាភិបាល និង វិស័យផ្សេងៗទៀត ដែលមិនត្រឹមតែជួយកម្ពុជាលើកកំពស់សមត្ថភាពអភិវឌ្ឍន៍ឯករាជ្យភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់ប្រជាជនសាមញ្ញ។