អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំបានគំរាមទៅកាន់អ៊ុយក្រែន និងរុស្ស៊ីចំៗថា សហរដ្ឋអាម៉េរិកអាចនឹងដកខ្លួនចេញពីតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលការចរចាបទឈប់បាញ់រុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើភាគីជម្លោះទាំងពីរមិនមានសញ្ញាណាមួយបង្ហាញពីភាពវិជ្ជមានក្នុងការបញ្ចប់សង្រ្គាមជាមួយគ្នា។ ឆ្លើយតបក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៨ ខែមេសា លោកបានសម្តែងការខកចិត្តចំពោះកិច្ចចរចាដែលជាប់គាំងដោយព្រមានថាសហរដ្ឋអាម៉េរិកនឹងត្រឡប់ក្រោយប្រសិនបើភាគីណាមួយនៅតែបន្តរារាំងដំណើរការសន្តិភាព និងដិសេធក្នុងការបញ្ចប់ជម្លោះជាមួយគ្នា ។
តាមលោកដូណាល់ត្រាំបានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានថាឥឡូវនេះប្រសិនបើមានហេតុផលមួយចំនួនក្នុងចំណោមភាគីទាំងពីរធ្វើឱ្យមានការលំបាកខ្លាំងក្នុងការបញ្ចប់សង្រ្គាមមួយនេះ នោះអាម៉េរិកគ្មានជម្រៀសអ្វីក្រោយពីដកថយ និងបញ្ឈប់ខ្លួនជាអ្នកសម្របសម្រួលបញ្ចប់ជម្លោះមួយនេះឡើយ។
មុនការលើកឡើងបែបនេះរបស់លោកត្រាំ រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក លោក Rubio បានអះអាងថាសង្រ្គាមមួយនេះមិនមែនជាសង្រ្គាមរបស់អាម៉េរិកឡើយ ហើយអាម៉េរិកក៏មិនមែនជាអ្នកផ្តើមដែរ ហើយប្រសិនបើការសម្របសម្រួលមិនអំណោលផលនោះអាម៉េរិកនិងសម្រេចចិត្តដកខ្លួនថយចេញពីអ្នកសម្របសម្រួល៕