
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានស្នើឱ្យមានការបិទស្ថានទូតអាម៉េរិកមួយចំនួននៅតំបន់អាហ្វ្រិកដោយចំណាត់ការបិទស្ថានទូតមិនចាំបាច់មួយចំនួននៅប៉ែកអាហ្វ្រិកគឺធ្វើឡើងដើម្បីជួយសន្សំសំចៃថវិការដ្ឋសម្រាប់គម្រោងឆ្នាំ ២០២៦ខាងមុខ។ សំណើរបស់លោកត្រាំនេះរួមបញ្ចូលទាំងការកាត់បន្ថយថវិការបស់ក្រសួងការបរទេសពាក់កណ្តាល ដោយកាត់បន្ថយជាង ៣០ ពាន់លានដុល្លារ និងកាត់បន្ថយជំនួយបរទេសជិត ៧៥% ។ ដោយសំណើរបស់លោកគ្រោងនិងបិទស្ថានទូតមួយចំនួន និងស្ថានកុងស៊ុលជាង៣០ ដែលមានវត្តមាននៅអាហ្វ្រិក និងអឺរ៉ុប និងមួយចំនួននៅអាស៊ី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកស្ថានទូតដែលកំណត់គោលដៅសម្រាប់ការបិទរួមមានប្រទេសអេរីទ្រា លុចសំបួ ស៊ូដង់ខាងត្បូង ម៉ាល់តា សាធារណរដ្ឋអាហ្វ្រិកកណ្តាល ហ្គាំប៊ី ឡេសូតូ និងសាធារណរដ្ឋកុងហ្គោ។ ស្ថានកុងស៊ុលនៅក្នុងទីក្រុងដូចជា Edinburgh ក៏មាននៅក្នុងបញ្ជីដែរ ដោយមានផែនការបង្រួបបង្រួមមុខងាររបស់ពួកគេទៅក្នុងស្ថានទូតក្បែរនោះ។

រដ្ឋបាលលោកត្រាំបានបានពន្យល់ទៀតថាការបិទស្ថានទូត និងកុងស៊ុលមួយចំនួនដោយសារតែបន្ទុកការងារកុងស៊ុល ថ្លៃប្រតិបត្តិការ លក្ខខណ្ឌបរិក្ខារ និងការពិចារណាលើសុវត្ថិភាពដូចច្នេះការបិទចោលនិងច្របាច់បញ្ចូលគ្នាជាមួយប្រទេសក្បែរខាងនិងជួយសន្សំសំចៃថវិការដ្ឋជាច្រើន។

អ្នករិះគន់សម្តែងការព្រួយបារម្ភថា ការកាត់បន្ថយការទូតរបស់សហរដ្ឋអាម៉េរិកអាចកាត់បន្ថយឥទ្ធិពលរបស់អាម៉េរិកនៅបរទេស ជាពិសេសនៅក្នុងតំបន់ដែលមហាអំណាចពិភពលោកផ្សេងទៀតកំពុងពង្រីកវត្តមានរបស់ពួកគេ។
សំណើនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ និងទាមទារការយល់ព្រមពីសភា ហើយអាចនិងជំរុញឱ្យមានការជជែកដេញដោលអំពីផលប៉ះពាល់ដែលអាចកើតមានចំពោះទំនាក់ទំនងបរទេសរបស់សហរដ្ឋអាម៉េរិក និងបណ្តាលប្រទេសជាមិត្ត៕