
កូរ៉េ៖ ប្រទេសកូរ៉េខាងជើងបានរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាម៉េរិកក្នុងការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ក្នុងអំឡុងពេលសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង កូរ៉េខាងជើងបានចាត់ទុកសកម្មភាពរបស់អាម៉េរិកនេះជាការមិនប្រុងប្រយ័ត្ននិង គំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការពារជាតិរបស់កូរ៉េខាងជើងបានចាត់ទុក ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់កំពង់បង្កការគំរាមគំហែងដល់សន្តិសុខនៃប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងបានព្រមាននិងចាត់វិធានាការគ្រប់បែបយ៉ាងប្រសិនបើខ្លួនរងការប៉ះពាល់ដល់សន្តិសុខជាតិ។

ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Jeon Ha-kyu បានច្រានចោលការរិះគន់របស់កូរ៉េខាងជើង ហើយបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា សកម្មភាពយោធាគឺជាការការពារវឹងហាត់ការពារធម្មតាតែប៉ុណ្ណោះមិនបានគំរាមគំហែងដល់ប្រទេសណាមួយឡើយ។

គួរបញ្ជាក់ថាការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកនៅកូរ៉េខាងត្បូងបានបង្កឲ្យកូរ៉េខាងជើងកាន់តែខឹងសម្បារជាខ្លាំងព្រោះការដាក់ពង្រាយនេះចំថ្ងៃដែលកូរ៉េខាងជើងកំពុងប្រារព្ធខួប គម្រប់ ១១៣ ឆ្នាំរបស់ស្ថាបនិករដ្ឋកូរ៉េខាងជើងគឺលោក Kim Il Sung ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្ន៕