
ភ្នំពេញ៖លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី ១៧ មេសានេះ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ជាលើកទី២។វត្តមានរបស់លោក ស៊ី មានការទទួលយ៉ាងរាក់ទាក់ពីសមភាគីកម្ពុជា។ពេលមកដល់ប្រទេសកម្ពុជាភ្លាម ព្រះនាងតូច នរោត្តម ជេនណា ជូន«ភួងមាលា»ដល់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ព្រះនាងតូចជេនណា បង្ហាញពីសេចក្ដីរំភើប ដែលអាចរាប់ថា ជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្តដ៏ល្អប្រចាំជីវិតរបស់ព្រះនាង។
យោងតាមបណ្តាញសង្គមផ្លូវការរបស់ព្រះនាងតូច បានមានព្រះរាជបន្ទូលថា "ជាបឋម ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតក្រាបអរព្រះរាជគុណព្រះករុណា ហ្លួងតា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងយាយទួត សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលស្ដេចទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់តួនាទីដល់ខ្ញុំម្ចាស់ ជាអ្នកជូនភួងមាលា ដល់ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតុចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។"
បើតាមព្រះនាង នេះជារឿងរ៉ាវដ៏ពិសេសបំផុតក្នុងឆាកជីវិតពោពេញដោយសេចក្ដីរំភើបយ៉ាងខ្លាំងរកទីបំផុតគ្មាន ដែលអាចរាប់ថាជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្តដ៏ល្អប្រចាំជីវិតរបស់ព្រះនាង។ហើយជាមួយគ្នានោះ ព្រះនាងតូចថែមទាំងបាន សូមគោរពជូនពរ ឯកឧត្តមប្រធានាធិបតី មានសេចក្តីរីករាយក្នុងដំណេីរទស្សនកិច្ចមកកម្ពុជា ចងចាំក្តីស្រឡាញ់រវាងជាតិសាសន៍ទាំងពីរ៕