
អាម៉េរិក៖ ប្រមុខរដ្ឋអាម៉រិកលោកដូណាល់ត្រាំបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកថាដំណើរទស្សនកិច្ចលោកប្រធានាធិបតីចិនស៊ីជិនភីងមកកាន់អាស៊ីគឺមានគោលដៅកេងយកប្រយោជន៍ពី អាម៉េរិក។ ការអះអាងរបស់លោកត្រាំធ្វើឡើងកំឡុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន ស៊ី ជីនភីង ទៅកាន់ប្រទេសវៀតណាម ដោយដំណើរទស្សនកិច្ចរបស់លោកបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបានធ្វើឲ្យអាម៉េរិកសម្តែងការព្រួយបារម្ភជាខ្លាំងក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់អាស៊ីដែលមានរួមមាន ម៉ាឡេស៊ី វៀតណាម និងកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី ស៊ី បានបង្ហាញការប្តេជ្ញាចិត្តរបស់ចិនក្នុងការគាំទ្រដល់ស្ថិរភាពក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នៅទីក្រុងហាណូយ លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងគម្រោងផ្លូវដែករួមគ្នា និងការបង្កើនលទ្ធភាពសម្រាប់ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ប្រទេសចិន។ គំនិតផ្តួចផ្តើមទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់ចិនក្នុងការកំណត់ខ្លួនវាជាសសរស្តម្ភនៃស្ថិរភាពពិភពលោក និងជាអ្នកគាំទ្រពាណិជ្ជកម្មសេរី។

អ្នកវិភាគបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ចិនទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសវៀតណាម គឺជាវិធានការដើម្បីទប់ទល់នឹងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់។ តាមរយៈការជំរុញភាពជាដៃគូសេដ្ឋកិច្ច និងបង្ហាញខ្លួនឯងថាជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាន ប្រទេសចិនមានបំណងបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយការដកថយរបស់សហរដ្ឋអាម៉េរិកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងការដាក់ពន្ធគយរបស់ខ្លួនមកកាន់បណ្តាលប្រទេសនៅអាស៊ី។
ជាការឆ្លើយតបរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ បានសម្តែងការព្រួយបារម្ភចំពោះឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយចាត់ទុកគំនិតផ្តួចផ្តើមដូចជាដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ប្រទេសវៀតណាមថាជាបញ្ហាប្រឈមចំពោះផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក៕