
ភ្នំពេញ៖ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ មេសា ២០២៥ ដោយសារសម្ពាធទាបគ្របដណ្តប់លើកម្ពុជា សមុទ្រចិនខាងត្បូង និងលើអាងទន្លេមេគង្គក្រោម។ នេះបើយោងតាមសេចក្តីជូនដំណឹងនៃ ក្រសួងធនធានទឹកនិងឧតុនិយម នាថ្ងៃទី ១៧ មេសា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា តំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា។ តំបន់ទាំងបី នឹងមានខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ វិនាទី ហើយមានសីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៧°C។
បើតាមសេចក្តីជូនដំណឹង ស្ថានភាពនេះអាចធ្វើឱ្យខេត្តមួយចំនួន ក្នុងតំបន់វាលទំនាប និងតំបន់ខ្ពង់រាប មានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី២៥%។ ក្នុងតំបន់វាលទំនាប រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងភ្នំពេញ ។ ចំណែកឯ តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ។
ចំណែក តំបន់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០% ក្នុងខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។ ស្ថានភាពនេះ នឹងធ្វើឱ្យតំបន់មាត់សមុទ្រ មានរលកសមុទ្រដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕
