
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian កាលពីថ្ងៃទី ១១ មេសាម្សិលមិញ បានថ្លែងពីដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង មកប្រទេសកម្ពុជា។សម្រាប់ លោក Lin Jian ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជានៅពេលខាងមុខនេះ ថ្នាក់ដឹកនាំចិន និងកម្ពុជា នឹងពិភាក្សាអំពីជំហរថ្មីក្នុងការជម្រុញទំនាក់ទំនងចិន-កម្ពុជា ឲ្យឆ្ពោះទៅរកកម្រិតខ្ពស់ជាងមុន។
ឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មាន លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង មកប្រទេសកម្ពុជា ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើវិស័យសំខាន់ចំនួន ៥ រួមមាន៖ ការជឿទុកចិត្តគ្នាខាងនយោបាយកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍រវាងគ្នា កិច្ចសហការសន្តិសុខ ការផ្លាស់ប្តូរវប្បធម៌ និង កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ចិនមានជំនឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នឹងផ្តល់កម្លាំងថ្មីបន្ថែមទៀត សម្រាប់ការកសាងសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា និង ជម្រុញឲ្យមានលទ្ធផលវិជ្ជមានបន្ថែមក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ផ្តល់អត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោក Lin Jian ថ្លែងថា កម្ពុជា គឺជាមិត្តជិតខាងប្រពៃណី និង ជាមិត្តដ៏រឹងមាំរបស់ចិន។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី ស៊ី និង មេដឹកនាំកម្ពុជា ការកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា បានឈានចូលដំណាក់កាលថ្មីក្នុងយុគសម័យគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។លោកថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្ររវាងចិន និង កម្ពុជាកាន់តែស៊ីជម្រៅ ក្របខ័ណ្ឌសហប្រតិបត្តិការឆកោណ “ត្បូងពេជ្រថ្មី” ត្រូវបានពង្រឹងបន្តបន្ទាប់។ ការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” បានរីកចម្រើនយ៉ាងគាប់ចិត្ត ដោយសម្រេចបានលទ្ធផលជាច្រើនក្នុងវិស័យសហការផ្សេងៗ នាំឲ្យប្រជាជនប្រទេសទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែង។
គួរបញ្ជាក់ថា លោក ស៊ី ជីនពីង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមេសា។ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង ងជួបពិភាក្សាជាមួយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និង ផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ៕