
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី ១១ មេសាម្សិលមិញ បានផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ក្នុងសារជូនពរនោះ សម្តេច បានលើកឡើងថា កម្ពុជាកំពុងសុខសន្តិភាព និង ការអភិវឌ្ឍ ហើយប្រជាជនកម្ពុជាកំពុងសាមគ្គីគ្នាយ៉ាងល្អក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្តេច ហ៊ុន សែន បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋ ដើម្បីចូលរួម អបអរសាទរជាមួយនឹងជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេសប្រកបដោយក្តីសោមនស្ស រីករាយ សិរីសួស្តី និងជ័យមង្គល បវរមហាប្រសើរ វិបុលសុខគ្រប់ប្រការក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
បើតាមសម្តេច ហ៊ុន សែន ប្រជាជនកម្ពុជាបច្ចុប្បន្នកំពុងតែរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និង ម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រដោយបានចូលរួនលើកស្ទួយជីវភាពដល់ប្រជាពលរដ្ឋប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង ជំរុញការអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅ និង ទូលំទូលាយ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាជិត៤០ឆ្នាំ សម្តេច ហ៊ុន សែន បានមើលឃើញពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និងជាពិសេសអាចរក្សាបាននូវ សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ព្រមទាំងរក្សាបាននូវសេដ្ឋកិច្ច និងស្ថិរភាពជីវភាពរបស់ប្រជាជនកម្ពុជាទាំងមូល។
សម្តេច ហ៊ុន សែន បានចាត់ទុកសមិទ្ធផលជាច្រើននេះ គឺជាការលើកស្ទួយបន្ថែមទៀតនូវកិត្យានុភាពប្រទេសកម្ពុជា ដោយបណ្តាប្រទេសជាច្រើនយកមេរៀនរបស់កម្ពុជាជាបទពិសោធន៍ដ៏មានតម្លៃ ក្នុងការស្វែងរកសុខសន្តិភាពស្ថិរភាព និង ការផ្សះផ្សាជាតិកម្ពុជា ដែលធ្លាប់តែមានសង្គ្រាមរាំរៃអស់ជាច្រើនរយឆ្នាំ៕