ក្រុមហ៊ុន សោម៉ា គ្រុប ឯ.ក ជាក្រុមហ៊ុនឯកជនធំនៅកម្ពុជា និង Shinework Pictures ដែលជាក្រុមហ៊ុនផលិតភាពយន្តធំមួយនៅប្រទេសចិន នៅថ្ងៃទី ១១ មេសានេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីរួមគ្នាផលិតភាពយន្តអន្តរជាតិថ្មីមួយមានចំណងជើងថា “The Angkor Code”។
ពិធីចុះហត្ថលេខានេះ រៀបចំឡើងដោយមានការចូលរួមពី លោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប និង លោក Jonathan Jian Shen ប្រធានក្រុមហ៊ុន Shinework Pictures ដែលកិច្ចព្រមព្រៀងនេះ បានកំណត់ការទទួលខុសត្រូវរបស់ភាគីទាំងពីរ ដើម្បីអភិវឌ្ឍន៍ និង ផលិតភាពយន្តមួយដែលផ្ដោតលើវប្បធម៌ និង ប្រវត្តិសាស្ត្ររបស់ខ្មែរ។
.jpg?1744364362)
លោកជំទាវ ចម ក្រស្នា បានថ្លែងថា៖ “គម្រោងនេះមិនត្រឹមតែជាខ្សែភាពយន្តទេ ប៉ុន្តែវាជាស្ពានភ្ជាប់វប្បធម៌ រវាងកម្ពុជា និងចិន និងជាការបង្ហាញពីសក្តានុពលរបស់ខ្មែរនៅលើឆាកអន្តរជាតិ។” ពិសេសការចូលរួមផ្សព្វផ្សាយនិងលើកស្ទួយវិស័យទេសចរន៍នៅកម្ពុជា។
លោក Jonathan Jian Shen បានបន្ថែមថា៖ “The Angkor Code មានសក្តានុពលក្នុងការទាក់ទាញទស្សនិកជនទូទាំងទ្វីបអាស៊ី និងពិភពលោក។”
គួរបញ្ជាក់ថា Shinework នឹងធ្វើការវិនិយោគក្នុងដំណាក់កាលអភិវឌ្ឍខ្សែភាពយន្ត ខណៈដែល SOMA Group នឹងជាអ្នករៀបចំការសម្របសម្រួលសកម្មភាពផលិតនៅក្នុងប្រទេសកម្ពុជា។ ការសម្រេចចិត្តសំខាន់ៗទាំងអស់នឹងត្រូវធ្វើរួមគ្នា និងយកចិត្តទុកដាក់ចំពោះវប្បធម៌របស់ទាំងពីរជាតិ។ គម្រោងនេះនឹងផ្តោតលើទីផ្សារចិនជាថ្មីៗ និងទីផ្សារកម្ពុជា និងអន្តរជាតិជាបន្តបន្ទាប់៕