
ភ្នំពេញ៖ លោកស្រី គឹម សេដ្ឋានី នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានការពារ ក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ លើប្រធានបទ «យុទ្ធសាស្រ្តកំណែទម្រង់ការគ្រប់គ្រងសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា» នៅវិទ្យាស្ថានជាតិអប់រំ ។ និក្ខេបបទនេះនឹងជួយបំពេញបន្ថែមជាធាតុចូលសំខាន់ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកែលម្អគោលនយោបាយការអប់រំកុមារតូច ពិនិត្យមើលយុទ្ធសាស្ត្រកែលម្អមត្តេយ្យសិក្សាសហគមន៍។

យោងតាមការផ្សព្វផ្សាយក្នុងគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា មុនឈានចូលមកដល់ការការពារនិក្ខេបបទបញ្ចប់ លោកស្រី គឹម សេដ្ឋានី បានបំពេញគ្រប់លក្ខខណ្ឌការសិក្សាបានចប់គ្រប់មុខលើជំនាញឯកទេស និងគ្រប់ក្រេឌីត ព្រមទាំងបានធ្វើសិក្ខាសាលាយ៉ាងតិចចំនួន២លើក ដោយបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវ ការបង្ហាញជាលក្ខណៈវិទ្យាសាស្ត្រក្នុងកម្រិតជាតិ និងអន្តរជាតិ និងបានធ្វើការការពារនិក្ខេបបទសាកល្បង ដើម្បីទទួលបានធាតុចូល និងការណែនាំបន្ថែមពីសំណាក់សាស្ត្រាចារ្យណែនាំ និងភាគីពាក់ព័ន្ធទាំងអស់ សំដៅកែលម្អនិក្ខេបបទឱ្យកាន់តែមានសុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់ឆ្លើយតបនឹងគោលដៅនៃការសិក្សាស្រាវជ្រាវ។

លោកស្រី គឹម សេដ្ឋានី ទទួលបានការណែនាំ ពីសាស្ត្រាចារ្យណែនាំគោល លោក ហង់ជួន ណារ៉ុន និងសាស្ត្រាចារ្យណែនាំរង លោក ហ៊ាត់ ប៊ុនហេ មានគោលបំណងនៃការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា តាមរយៈចំណុច៤ធំៗគឺ ទី១: ការសិក្សាស្វែងយល់ពីក្របខ័ណ្ឌទស្សនាទាន នៃកំណែទម្រង់ ការគ្រប់គ្រងសាលាមត្តេយ្យសិក្សាសហគមន៍ ។ ទី២: សិក្សាពីស្ថានភាពបច្ចុប្បន្ន និងស្ថានភាពចង់ប្រែក្លាយនាពេលអនាគត នៃកំណែទម្រង់ការគ្រប់គ្រងសាលាមត្តេយ្យសិក្សាសហគមន៍។ ទី៣ គឺសិក្សាស្វែងយល់ពីតម្រូវការអាទិភាព នៃកំណែទម្រង់ការគ្រប់គ្រងសាលាមត្តេយ្យសិក្សាសហគមន៍ ។ ចំណែកឯទី៤ គឺអភិវឌ្ឍយុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងសាលាមត្តេយ្យសិក្សាសហគមន៍។

តាមរយៈការសិក្សាស្រាវជ្រាវនេះ លោកស្រី បានធ្វើសេចក្តីសន្និដ្ឋានថា ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ជាពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញការអនុវត្តកំណែទម្រង់ការគ្រប់គ្រងសាលាមត្តេយ្យសិក្សា គឺជាធាតុសំខាន់ក្នុងការលើកកម្ពស់ការផ្តល់ សេវាអប់រំកុមាតូច ធានាបានសេវាអប់រំកុមារមានគុណភាព សមធម៌ និងបរិយាបន្ន។ ក្នុងន័យនេះចាំបាច់ត្រូវមានផែនការអភិវឌ្ឍសាលាមត្តេយ្យសិក្សាសហគមន៍ ឱ្យក្លាយទៅជាសាលាមត្តេយ្យសិក្សាសហគមន៍មានស្តង់ដា និងមានស្តង់ដាពេញលេញ ឆ្ពោះទៅការប្រែក្លាយសាលាមត្តេយ្យសិក្សាសហគមន៍មានស្តង់ដាពេញលេញ ឱ្យទៅជាសាលាបណ្តាញនៅ ក្នុងសាលាកម្រងដើម្បីកែលម្អលទ្ធផលសិក្សារបស់សិស្ស គោលដៅនៃការគ្រប់គ្រងសាលាមត្តេយ្យសិក្សាសហគមន៍ ធ្វើឱ្យមានការផ្លាស់ប្តូរនូវវប្បធម៌និងបរិយាកាសនៅក្នុងសាលារៀន។

ក្រសួងអប់រំ គូសបញ្ជាក់ថា និក្ខេបបទនេះនឹងជួយបំពេញបន្ថែមជាធាតុចូលសំខាន់ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកែលម្អគោលនយោបាយការអប់រំកុមារតូច ពិនិត្យមើលយុទ្ធសាស្ត្រកែលម្អមត្តេយ្យសិក្សាសហគមន៍ ត្បិតការធ្វើកំណែទម្រង់វិស័យអប់រំ ជាពិសេសកំណែទម្រង់សាលារៀន ទាមទារចាំបាច់ឱ្យយល់ច្បាស់ពីកត្តាដែលត្រូវកែលម្អ ហើយអ្នកសិក្សាស្រាវជ្រាវនិងភាគីពាក់ព័ន្ធ អាចយកគំហើញនេះមកអនុវត្តដោយជោគជ័យ ដូចពាក្យស្លោកពោលថា “ចំណេះដឹងមានប្រយោជន៍ លុះត្រាណាតែ ចំណេះដឹងនោះអាចប្រើប្រាស់ជាគុណប្រយោជន៍ដល់មនុស្សជាតិ”៕