
ចិន៖ ប្រទេសចិនបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ១ ពាន់លានយន់ (ប្រហែល ១៣៧ លានដុល្លារអាម៉េរិក) ជាជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា។ កញ្ចប់ជំនួយរបស់ចិន រួមមានការផ្តល់អាហារ ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត តង់ និងការដាក់ពង្រាយបន្ថែមផ្នែកវេជ្ជសាស្ត្រជួយព្យាបាលអ្នករងគ្រោះ។ លើសពីនេះទៀត ប្រទេសក៏ចិនបានបញ្ជូនក្រុមជួយសង្គ្រោះជាង ៣០ នាក់ ដែលរួមមានបុគ្គលិកពេទ្យ អ្នកជំនាញស្ទង់ការរញ្ជួយដី និងសត្វឆ្កែជួយសង្គ្រោះ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះអ្នកដែលកំពុងតែរងគ្រោះ។

គិតត្រឹមថ្ងៃទី១១ខែមេសា ឆ្នាំ ២០២៥ នេះចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា បានកើនឡើងដល់ ៣,៦៤៥ នាក់ ដោយក្នុងនោះមានមនុស្សចំនួន ៥,០១៧ នាក់បានរងរបួស និង ១៤៨ នាក់នៅតែបាត់ខ្លួន។ គ្រោះរញ្ជួយដីនេះត្រូវបានគេចាត់ទុកថាជាកម្លាំងរញ្ជួយខ្លាំងបំផុតមួយដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលមួយសតវត្ស ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លានៅទូទាំងតំបន់ចំនួន ៦ រួមទាំងការដួលរលំផ្ទះជាង ៤៨,០០០ ខ្នងនិងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕