
ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល បានរៀបកម្មវិធីអប់រំផ្សព្វផ្សាយពី យេនឌ័រ និងសុខភាពភ្នែករួមមានការពិនិត្យ ព្យាបាលភ្នែកឥតគិតថ្លៃ កាលពីខែមីនាកន្លងទៅ មានដូចជាការធ្វើតេស្តភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលនៅក្នុងសហគមន៍នៅខណ្ឌដង្កោ។ កម្មវិធីនេះបានផ្តល់ការធ្វើតេស្តភ្នែកដល់ប្រជាពលរដ្ឋគ្រប់អាយុប្រមាណជាង ១,០០០នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលជាកំណត់ត្រាថ្មីរបស់មូលនិធិក្នុងកិច្ចការរបស់ខ្លួននៅកម្ពុជា។
នៅភ្នំពេញ ជំងឺម្ញូបភ្នែក (Myopia) បានប៉ះពាល់ដល់មនុស្សពេញវ័យប្រមាណជាង ៤៩.១% ដែលធ្វើឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល ការអប់រំ ផលិតភាពសេដ្ឋកិច្ច និងការចូលរួមក្នុងទីផ្សារការងារផងដែរ។ នៅកម្ពុជា ប្រមាណជាង ៦១% នៃការចុះខ្សោយសុខភាពភ្នែកកម្រិតដំបូង គឺបណ្ដាលមកពីកំហុសឆ្គងនៃចំណាំងឆ្លុះ (Refractive Errors) ដែលមិនបានកែតម្រូវ ប៉ុន្តែអាចបង្ការបានដោយការពាក់វ៉ែនតា ។ ឧបសគ្គដែលរារាំងដល់ការទទួលបាននូវសេវាកម្មថែទាំភ្នែកមានដូចជា បរិបទភូមិសាស្ត្រ ឧបសគ្គធនធានហិរញ្ញវត្ថុ កង្វះអ្នកជំនាញផ្នែកថែទាំភ្នែក និងការយល់ដឹងនៅមានកម្រិតអំពីសុខភាពភ្នែក ទើបធ្វើឱ្យមនុស្សជាច្រើន មិនបានយកចិត្តទុកដាក់ក្នុងការជួបពិគ្រោះជាមួយអ្នកឯកទេសសុខភាពភ្នែក។

មូលនិធិ OneSight EssilorLuxottica បន្តការប្តេជ្ញាចិត្តក្នុងការលុបបំបាត់លើបញ្ហាគំហើញដែលពុំបានពិនិត្យត្រឹមត្រូវដោយបង្កើនលទ្ធភាពលើទទួលបានការថែទាំភ្នែក ការសហការនិងភាពជាដៃគូយុទ្ធសាស្ត្រ ការបង្កើនការយល់ដឹងនៅក្នុងសហគមន៍ និងធានានូវដំណោះស្រាយថែទាំភ្នែករយៈពេលវែងសម្រាប់សហគមន៍ដែលត្រូវការជំនួយ។ លោកស្រី Patricia Koh ប្រធានមូលនិធិ OneSight EssilorLuxottica នៅអាស៊ីអាគ្នេយ៍ បាននិយាយថា៖ «តាមរយៈធ្វើការួមគ្នាជាមួយដៃគូសហការពីរាជរដ្ឋាភិបាល វិស័យសុខាភិបាល និងសង្គមស៊ីវិល យើងកំពុងតែពង្រឹងប្រព័ន្ធថែទាំសុខភាពភ្នែកនៅប្រទេសកម្ពុជា និងធានាឱ្យប្រជាជនកាន់តែច្រើនទទួលបាននូវសេវាកម្មថែទាំសុខភាពភ្នែកដល់ពួកគាត់។ ការវិនិយោគលើការថែទាំភ្នែកមិនត្រឹមតែធ្វើឲ្យប្រជាជនមានជីវភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការចំណាយលើថ្លៃសុខាភិបាលរយៈពេលវែង សម្រាលបន្ទុកលើប្រព័ន្ធវេជ្ជសាស្រ្ត និងបង្កើនការចូលរួមក្នុងសេដ្ឋកិច្ចផងដែរ»។

បច្ចុប្បន្ន ដៃគូសហការកំពុងពង្រីកការផ្តល់សេវាថែទាំភ្នែក នៅក្នុងសហគមន៍ទូទាំងរបស់ប្រទេសកម្ពុជា ដោយផ្តល់ការបណ្តុះបណ្តាលនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ លើការធ្វើតេស្តភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលត្រូវការ។ កិច្ចខិតខំប្រឹងប្រែងនេះគឺដើម្បីគាំទ្រដល់គោលបំណងនៃកម្មវិធីជាតិសម្រាប់សុខភាពភ្នែក (NPEH) ក្នុងការបង្កើនសេវាសុខភាពភ្នែកនៅទូទាំងប្រទេស និងកាត់បន្ថយពិការភាពភ្នែកដែលអាចជៀសវាងបាន និងការចុះខ្សោយនៃការមើលឃើញ។ លោកស្រី ទូច ឡៃហេង បានទទួលការបណ្តុះបណ្តាលនៅមណ្ឌលថែទាំភ្នែក នៅមន្ទីរពេទ្យបង្អែក ចំការលើ ខេត្តកំពង់ចាម បានមានប្រសាសន៍ថា៖ «ខ្ញុំអាចជួយប្រជាជនក្នុងសហគមន៍របស់ខ្ញុំឱ្យដឹងពីសញ្ញាដំបូងនៃបញ្ហាភ្នែក និងណែនាំពួកគេឱ្យទៅរកការថែទាំដ៏ត្រឹមត្រូវ។ ខ្ញុំមានភាពសប្បាយរីករាយដែលបានជួយពួកគេ និងពង្រឹងការយល់ដឹងនៅក្នុងសហគមន៍»។

ក្រសួងកិច្ចការនារី ទទួលស្គាល់ពីសារៈសំខាន់នៃសុខភាពភ្នែកល្អ ក្នុងការពង្រឹងស្មារតីដល់បុគ្គលនីមួយៗ ជាពិសេសស្ត្រី និងក្មេងស្រី ដែលប្រឈមមុខនឹងការរើសអើងដោយសារការពាក់វ៉ែនតា និងធ្វើឱ្យមានអត្រាស្វែងរកសេវាកម្មថែទាំសុខភាពភ្នែកមានកម្រិតទាប ដើម្បីចូលរួមយ៉ាងពេញលេញក្នុងការអប់រំ ការធ្វើការងារ និងជីវិតរស់នៅប្រចាំថ្ងៃ។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «ស្ត្រីមានភាពប្រឈមនឹងបញ្ហាគំហើញ គឺមានចំនួនច្រើនជាងបុរស ប៉ុន្តែការស្វែងរកការពិនិត្យ ការថែទាំភ្នែកអោយបានត្រឹមត្រូវ គឺនៅមានចំនួនតិចតួចនៅឡើយ ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ និងអាចវិវត្តដល់ពិការភ្នែកផងដែរ។ វាពិតជាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ ជាពិសេសស្រ្តី និងកុមារ ត្រូវយកចិត្តទុកដាក់លើសុខភាពភ្នែកជាអាទិភាព និងត្រូវមានការសហការ។ ទន្ទឹមនឹងនេះផងដែរ យើងបាននឹងកំពុងធ្វើការពង្រឹងការលើកកម្ពស់ការយល់ដឹងជាមួយដៃគូពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យមានការពិនិត្យភ្នែកជាប្រចាំ។»
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃយុទ្ធនាការនេះត្រូវបានគាំទ្រដោយ ក្រសួងកិច្ចការនារី កម្មវិធីជាតិសម្រាប់សុខភាពភ្នែក (NPEH) និងអង្គការថែទាំសុខភាពភ្នែកពីរគឺ មូលនិធិ OneSight EssilorLuxottica និង មូលនិធិ Fred Hollows។ មូលនិធិ OneSight EssilorLuxottica គឺជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីច្បាប់ មានបេសកកម្ម លុបបំបាត់សុខភាពភ្នែកមិនល្អដែលមិនបានកែតម្រូវក្នុងរយៈពេលមួយជំនាន់ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ EssilorLuxottica ក្នុងការថែទាំភ្នែកប្រកបដោយនិរន្តរភាព។ មូលនិធិនឹងខិតខំធ្វើការដើម្បីពង្រឹងលទ្ធភាពទទួលបាននូវការថែទាំសុខភាពភ្នែកសម្រាប់មនុស្សរាប់លាននាក់នៅក្នុងសហគមន៍ដែលមានធនធានខ្វះខាត់នៅលើពិភពលោក៕