
គិតត្រឹមរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានជាង៣ម៉ឺនសេវា។ សេវាដែលបានផ្តល់ជូននោះរួមមាន សេវាលិខិតឆ្លងដែនជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង១ពាន់ក្បាល សៀវភៅស្នាក់នៅជាង៤ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹក។
សម្រាប់សេវាលិខិតឆ្លងដែន បច្ចុប្បន្នមានទីតាំងផ្តល់ចំនួន៧ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីអន២សែនសុខ សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប និង សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីអនម៉លមានជ័យ(អ៊ីអន៣)។សម្រាប់សេវាលិខិតធ្វើដំណើរផ្តល់នៅសាខាផ្សារស្ទឹងមានជ័យ និងខេត្តបន្ទាយមានជ័យ។ ចំពោះសេវាសៀវភៅគ្រួសារផ្តល់នៅអធិការដ្ឋានក្រុង ស្រុក ខណ្ឌ សេវាសៀវភៅស្នាក់នៅ ផ្តល់ជូននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់។
ដោយឡែកចំពោះសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្តល់នៅទីតាំងរួមមាន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ផ្សារទំនើបអ៊ីអន២ និង ផ្សារ ទំនើបអ៊ីអនម៉លមានជ័យ(អ៊ីអន៣) ក្នុងនោះក៏ធ្វើនៅតាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ៕